ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្លាំងក្នុងការធ្វើផលិតកម្មគ្រាប់ស្វាយចន្ទីរ ម្យ៉ាងទៀតដំណាំស្វាយចន្ទីរគឺជាដំណាំផ្ដល់អត្ថប្រយោជន៏ច្រើន។ ដំណាំស្វាយចន្ទីរងាយស្រួលដាំដុះសមស្របទៅ និងកសិករកម្ពុជាយើង ដែលអាចធ្វើការដាំដុះតាមលក្ខណះធម្មតាក៏អាចដុះបានល្អ គេអាចធ្វើការដាំដុះពីដើមរដូវដល់ចុងរដូវប្រាំង ដោយមិនបាច់ស្រោចទឹកក៏វាអាចរស់បានដែរ ម្យ៉ាងទៀតគុណសម្បត្តិដ៏ល្អប្រសើរនោះក៏អាចដាំលើដីគ្រប់ប្រភេទ លើកលែងតែដីលិចទឹកតែប៉ុណ្ណោះ។

ដោយមានលក្ខណះអំណោយផលពីធម្មជាតិ តម្រូវការទីផ្សារមានភាពចាំបាច់ តម្លៃទៀតសោតក៏ខ្ពស់ ទើបធ្វើឲ្យមានសន្ទុះក្នុងការបង្កបង្កើនផល។ ដូចច្នេះក្នុងថ្ងៃនេះដែរយើងនិងចែកជូនបទពិសោធន៏ នូវបច្ចេកទេសដាំមួយចំនួនដ៏បងប្អូនដែលពុំទាន់យល់ច្បាស់ពីការដាំ និងមានបំណងបង្កបង្កើនផលស្វាយចន្ទីរ ដូចខាងក្រោម៖

/-​ការ​ដាំ ​​និងការ​រៀប​ចំរណ្តៅ​ដាំ៖

ក្នុង​ការ​ដាំ​ស្វាយ​ចន្ទី​គេ​រានដី​រួច​កាប់ជា​រណ្តៅ​​ទំហំ​១​ម៉ែត្របួន​ជ្រុងនិងជំរៅ​១​ម៉ែត្រ។នៅក្នុង​រណ្តៅ​គេបាន​ដាក់សំរាមស្លឹក​ឈើងាប់ៗ​លាមកសត្វនិងដី​ព្រៃ(ដីស្រទាប់​លើ)។​ជីក​រណ្តៅ​ជា​ជួរ​ដោយ​ទុកចន្លោះ​គុម្ព​៦​ម៉ែត្រនិង​ចន្លោះ​ជួរ​៩​ម៉ែត្រ។ក្រោយពីជីក​រណ្តៅ​ហើយ​​យក​គ្រាប់​ស្វាយ​ចន្ទីទៅ​ដាក់​ដាំ​ក្នុង​រណ្តៅ​តែ​ម្តង។

/-​ការថែទាំ៖

ក្រោយ​ពីដាក់​គ្រាប់​ដាំ ហើ​យ​គេ​បាន​ធ្វើ​ការ​ស្រោច​ទឹក​រហូត​ដល់ដុះ។ត្រូវ​បន្ត​ស្រោច​ទឹក និង​ថែទាំ​នៅ​រាល់ពេលណា​​​ដំណាំ​​ស្វាយ​ចន្ទី​ជិតស្ងួត​ទឹក​ហើយត្រូវបូម​​ទឹក​ស្រោច​​នៅគល់​ឱ្យ​ជោក​​ធ្វើបែបនេះ​នៅ​រាល់​២ ទៅ៣​​សបា្តហ៍​ម្តងចាន់ទីនឹងលូតលាស់លឿន។នៅ​ដំណាក់​កាល​ដំណាំ​អាយុ​ចាប់​ពី​១​ឆ្នាំឡើង​ទៅត្រូវ​ធ្វើ​ជីកំប៉ុស្ត៍ទឹកនិង​ប្រើជី​ប៉ូវ​ផ្សំ​ពី​រុក្ខ​ជាតិដើម្បី​ជួយ​ជំរុញ​ដល់​ការ​លូត​លាស់​​របស់​កូន​ស្វាយ​​ចន្ទីបន្ថែម។

+ប្រភេទ​ជី​ដែល​ផ្សំ​មាន​ដូចខាង​ក្រោម៖

-របៀប​ផ្សំ​ជីកំប៉ុស្ត៍ទឹក

ធាតុផ្សំ​ជីកំប៉ុស្ត៍ទឹក៖ជ្រើស​​រើស​ប្រភេទ​ស្លឹក​ឈើ​ស្រស់និងទឹក​ឬ​លាយ​ទឹកនោម។

របៀប​ធ្វើ៖ចិញ្ច្រាំ​ស្លឹក​ឈើស្រស់​​ឱ្យល្អិត​​រួចយក​ទៅ​ដាក់​នៅ​ក្នុង​ពាងនិង​ចាក់​ទឹក​ពីលើ។​រក្សា​ទុក​រហូត​ដល់រ​យៈ​ពេល​២០ទៅ៣០ថ្ងៃ​ទើប​អាច​យក​ទឹក​ជី​នោះ​ទៅ​ប្រើ​ប្រាស់​បាន។

+របៀប​ប្រើ៖ ​គឺយក​ទឹកជី​១​លីត្រ​​លាយ​ជា​មួយទឹកធម្មតា២៥ ទៅ​៣០លីត្រ​ស្រោច​ទៅ​លើ​គល់​ស្វាយ​ចន្ទី។

-របៀប​ផ្សំ​ជីជំនួយ​ផ្លែ៖ធាតុ​ផ្សំ៖ជ្រើស​រើ​ស​ប្រភេទ​ផ្លែ​ឈើ​ទុំ​ចាប់ពី​៣​មុខ​ឡើ​ងទៅ ចំនួន​៣​គីឡូ​ក្រាម និង​ទឹក​ស្ករ​រងូ១គីឡូក្រាម។

របៀបផ្សំ៖យក​ផ្លែ​​ឈើ​ទុំ​​ហាន់​ឱ្យ​ល្អិត​ៗ។យក​ធាតុ​ផ្សំ​ទៅច្របល់​ឱ្យ​សព្វរួច​យក​ទៅដាក់នៅ​ក្នុង​កែវ​គ្រប​ឱ្យ​ជិត​រក្សា​ទុក​រយៈ​ពេល​ពី​១៥​ថ្ងៃឡើង​ទៅ​អាច​យក​ទៅ​ប្រើ​បាន។

+របៀប​ប្រើ៖យក​ទឹកថ្នាំ​១​ស្លាប​ព្រា​បាយ​លាយ​ទឹក​ចំនួន១០​លីត្រ​ ឬទឹកជី១កំប៉ុង​ទឹក​ដោះ​គោ​លាយ​ទឹកចំនួន​២០០លីត្រ។

-ថ្នាំ​ពុល​ធម្ម​ជាតិ​សម្លាប់​សត្វកណ្តៀរ៖ធាតុផ្សំ៖មេ្ទស​១​ក្តាប់​ដៃ ស្ករ​ត្នោត​រងូ១លីត្រ ទឹកខ្មេះ១​លីត្រ ស្រា.ស​១​លីត្រ ។

+របៀបធ្វើ៖យកម្ទេស​​ទៅបុកឱ្យ​ម៉ដ្ឋ​លាយ​ស្ករ​ត្នោត​ចាក់ទឹកចូលនិងលាយ​បញ្ចូលគ្នា​ឱ្យ​សព្វរួច​យក​ទៅស្រោច​នៅ​គល់​ស្វាយ​ចន្ទី​ណា​ដែល​មាន​​សត្វ​កណ្តៀរ​ស៊ី(ក្នុង​ការ​ផ្សំ​ត្រូវ​ប្រើ​ស្រោម​ដៃ​ដើម្បី​​ចៀស​វាង​ជាតិម្ទេស​ជាប់​ដៃ​ក្រហាយ)។ក្រៅ​ពី​ប្រើ​ថ្នាំ​ធម្ម​ជាតិ​គាត់​បាន​យក​អំបិល​ទៅ​ចាក់​នៅ​គល់​ស្វាយ​ចន្ទី​​ដើម្បី​​បណ្តេញ​កណ្តៀរ​។

/-​លទ្ធ​ផល​ទទួល​បាន៖

ដំណាំ​ស្វាយ​ចន្ទី​អាច​ប្រមូល​​ផល​បាន​នៅ​អាយុ​​​ចាប់​ពី១​ឆ្នាំ​ឡើង​ទៅគ្រាន់​តែបាន​ផ្លែ​តិច​​ឬ​​ច្រើន​ប៉ុណ្ណោះ។ប៉ុន្តែចំពោះ​​ផ្លែ​ដែល​ពេញ​ល្អគឺនៅអាយុ​៣​ឆ្នាំ ក្នុងដើម​ស្វាយ​ចន្ទីចំនួន៩០០​​ដើម​គាត់​អាចប្រមូលផល​បាន​២,៥តោន(២៥០០គីឡូក្រាម)ឬ​ប្រហែល​២ទៅ៣​គីឡូ​ក្រាមក្នុង​១​ដើម។ដោយ​​ក្នុង​១​គីឡូ​ក្រាមលក់​បាន​៣៩០០រៀល (តំលៃ​នេះប្រែប្រួល​​ទៅ​តាម​ឆ្នាំ)។

៤-​ការជ្រើសរើស​ពូជ​ដាំ​បន្ត៖

ជ្រើសរើស​​ផ្លែ​ទុំ​ល្អ មាន​គ្រាប់​រលោងល្អ​ទុំ​​នៅ​លើ​ដើម។យក​គ្រាប់​ពូជ​ទៅ​ហាល​ថ្ងៃឱ្យ​ស្ងួត។រក្សា​ទុកនៅ​ក្នុង​បាវឬស្មុគនៅ​ក​ន្លែង​ដែលពុំ​មានសំណើម​ខ្លាំងនិងស្ងួត​ខ្លាំង។ការក្សា​ទុក​រហូតដល់ពេល​ដែលត្រូវ​យក​គ្រាប់​ទៅ​ដាំ។

សរុប​មកបច្ចេកទេស​សំខាន់ៗ​ក្នុង​ការ​ដាំ​ស្វាយ​ចន្ទី​គឺជី​ក​រណ្តៅ​​ដាំ​ធំៗដើម្បី​ដាក់ជី​ធម្មជាតិ​នៅ​បាត​រណ្តៅ​ឱ្យ​បានច្រើន។ដាំ​ដោយ​ទុក​ចន្លោះ​​គុម្ព​ឱ្យ​បានធំ។ថែទាំ​ស្រោច​ទឹក​លះ​មែក និងប្រើ​ជី​ទឹកបំប៉ន​ដើម បំប៉ន​គ្រាប់និង​ការ​ពារ​កណ្តៀរ​ស៊ី​គល់ដោយ​ប្រើ​ថ្នាំធម្ម​ជាតិ​និងប្រើ​អំបិល។

ចំពោះ​ការ​ដាំ​ដំណាំ​ស្វាយ​ចន្ទី​នេះការ​លំបាក​គឺនៅ​ឆ្នាំ​​ដំបូង​ និង​ការ​ថែ​ទាំ។​ ប៉ុន្តែ​ដំណាំ​នេះ​មិនឱ្យ​មានភាពរវល់​រាល់ថ្ងៃទេ​ក្នុង១ឆ្នាំលំបាន​តែ​១​ទៅ​២​ខែប៉ុណ្ណោះ។ដូចនេះ​​ដំណាំ​នេះជា​ដំណាំ​ដែលទទួល​បាន​ប្រាក់​​ចំណូល​ប្រចាំឆ្នាំ ៕