កាលពីពេលថ្មីៗនេះ​ មានកម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia របស់ទូរទស្សន៍រស្មីហង្សមាស នៅសប្តាហ៍ទី ១៤ វគ្គទី១ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសដោយមានការចែករំលែកយ៉ាងទូលំទូលាយពេញបណ្ដាញសង្គម ក្រោយពីកម្មវិធីនេះបានដាក់សំណួរចោទទៅលោកកៅ សីហា រហូតដល់សំណួរទី៥ ដែលជាសំណួរមានរង្វាន់ទឹកប្រាក់ ១០០០ដុល្លារ ដោយសំណួរបានសួរថា “យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ។


ចម្លើយនៃសំណួរមាន៤ជម្រើសដូចជា ២ប្រភេទ, ៣ប្រភេទ, ៤ប្រភេទ និង ៥ប្រភេទ បើតាមចម្លើយរបស់ លោកកៅ សីហា លោកបានជ្រើសយក ចម្លើយទី១ ដែលមាន ២ប្រភេទ ផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែចម្លើយរបស់កម្មវិធីបានផ្តល់មកថាមាន ៣ប្រភេទ គឺ ផ្លូវជាតិ , ផ្លូវខេត្ត និង ផ្លូវរុក្ខបាល។ បន្ទាប់ពីបានផ្ដល់ចម្លើយរួចហើយ មានមហាជនជាច្រើនបានមិនយល់ស្របទៅនិងចម្លើយរបស់កម្មវិធី នឹងបានធ្វើការរិះគន់មួយទំហឹង ដោយពួកគេសុទ្ធតែយល់ថាចម្លើយរបស់បងប្រុសកៅ សីហា ជាចម្លើយមួយដ៏ត្រឹមត្រូវនេះបើតាមការសិក្សា និងមានអំណះអំណាងពីសៀវភៅពុម្ពភូមិវិទ្យាថ្នាក់ទី៩ ហើយការបកស្រាយលើកឡើងរបស់ពិធីការនី គឺជាចម្លើយដែលមិនត្រឹមត្រូវទៅវិញ។


ទោះជាយ៉ាងណាក៏ដោយលោកកៅ សីហាត្រូវបានធ្លាក់ចេញពីកម្មវិធីដែលគួរឲ្យសោកស្ដាយបំផុតដែលសំណួរមួយនេះមានទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់។ តើបងប្អូនយល់យ៉ាងណាដែលចំពោះចម្លើយទាំងពីរនេះ?