ខេត្តត្បូងឃ្មុំ ៖ ក្មេងប្រុសអាយុ១ឆ្នាំកន្លះម្នាក់ បានដាំក្បាលចូលធុងទឹកជ័រ នៅក្នុងបន្ទប់ទឹក បណ្តាលឲ្យឈ្លក់ទឹករហូតដាច់ខ្យល់ស្លាប់តែម្នាក់ឯង ដោយគ្មាននរណាដឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ។

សពក្មេងប្រុសឈ្មោះ តូ ស៊ីណាយូណា អាយុ១ឆ្នាំកន្លះ មានឪពុកឈ្មោះហារូន តុរស៊ីណា អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម និងម្ដាយឈ្មោះ គ្រីម រ៉ហ៊ីម៉ះ អាយុ២៧ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិឃុំខាងលើ ។


ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានលេងនៅក្នុងផ្ទះតែម្នាក់ឯង ខណៈដែលគាត់ជាឪពុកកំពុងលក់ដូរនៅមុខផ្ទះ និងម្ដាយក្មេងរងគ្រោះ កំពុងដេកលើផ្ទះ។ លុះឪពុកចូលមកក្នុងផ្ទះ មិនដឹងយ៉ាងម៉េច ក៏ស្រាប់តែឃើញកូនលង់ទឹកក្នុងធុងជ័រដាក់ទឹក នៅក្នុងបន្ទប់ទឹក បណ្ដាលឲ្យស្លាប់បាត់ទៅហើយ ។

ឪពុកសពក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែក ថា នេះជាការធ្វេសប្រហែសរបស់ពួកគាត់ ខណៈដែលគាត់ជាឪពុកកំពុងលក់ដូរនៅមុខផ្ទះ និងម្ដាយកំពុងដេកលើផ្ទះ មិនស្មានថាមានរឿងបែបនេះទាល់តែសោះ ព្រោះធុងដាក់ទឹកតូចមួយអាចសម្លាប់កូនគាត់បាន។ក្រោយពេលកើតហេតុភ្លាម ម្ដាយឪពុកបាននាំកូនក្មេងរងគ្រោះ យកទៅមន្ទីរពេទ្យបង្អែកស្រុកដែរ តែក្មេងរងគ្រោះបានស្លាប់ទៅហើយ ៕