ខេត្តព្រះសីហនុ៖ មេការសំណង់ និងកម្មករសំណង់ បង្កជម្លោះនឹងគ្នា ត្រូវកម្មករសំណង់ទាញកាំបិតចិតបន្លែកាប់បណ្ដាលឲ្យរងរបួស ឈាមហូរស្រោចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត៤ល្ងាចថ្ងៃទី២៨ខែ០៧ឆ្នំា២០១៩ នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។

ជនសង្ស័យម្នាក់ ឈ្មោះ ប៉ោ យ៉ែន ភេទបុ្រស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះ ឈ្មោះ រឹម ចិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅភូមិឃុំជាមួយគ្នា។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្រុកព្រៃនប់ បានឲ្យដឹងថា មូលហេតុបណ្ដាលឲ្យមានអំពើហិង្សាកាប់ចាក់គ្នានេះ មកពីជនរងគ្រោះទៅរករឿងវាយជនសង្ស័យ ហើយសង្ស័យក៏យកកាំបិតចិតបន្លែកាប់ត្រូវជនរងគ្រោះចំក បណ្តាលឲ្យរងរបួសធ្ងន់ ឈាមហូរស្រោចពេញខ្លួនបែបនេះតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៨៨៨ខេត្តព្រះសីហនុ ។ រីឯជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕