សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ប្រចាំ​រដ្ឋ Nevada លោកស្រី Jacky Rosen បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋអាមេរិក ​គិតពិចារណា​២​ដង​សិន មុន​សម្រេច​ចូល​តំបន់​សម្ងាត់​៥១ «Area 51»​ ។ លោកស្រី​បាន​ព្រមាន​ថា ការ​សម្រុកចូល​ទៅ​កាន់​បន្ទាយ​យោធា​តំបន់​៥១ ឬ Area 51 មិនមែន​ជា​រឿង​កម្សាន្ត​នោះ​ទេ ។

ការ​ព្រមាន​ខាងលើ​របស់​លោកស្រី Jacky Rosen ធ្វើ​ឡើង​ក្រោយ​អ្នក​ប្រើប្រាស់ បណ្តាញ​សង្គម​អា​មេ​រិ​ក​ប្រមាណ​ជា១.៨​លាន​នាក់ បាន​ចុះ​ឈ្មោះ​តាម​បណ្តាញ​អនឡាញ​ ថានឹង​ចូលរួម​ព្រឹត្តិការណ៍មួយ ​នៅ​លើហ្វេសប៊ុកដាក់ឈ្មោះ​ថា «Storm Area 51, They Can’t Stop All of Us» ដែល​ជាផែនការ​រៀបចំ​ប្រមូលផ្តុំ​គ្នា ដើម្បី​សម្រុកលុក​លុយ​ចូលបន្ទាយ​សំខាន់​ខាងលើ បន្ទាប់​ពី​មានការ​បំផុសបំផុល​ចង់​ចូល​ទៅ​ក្នុង​ទីតាំង​នោះ ដើម្បី​បានដឹង​អំពី​អាថ៌​កំបាំង ដែល​គ្រប់​គ្នា​ងឿងឆ្ងល់​រាប់​ទសវត្សរ៍​មក​ហើយ​ ។

លោកស្រី Jacky Rosen ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា ៖ «​រាល់​ការ​សម្រុកចូល​មូលដ្ឋាន​យោធា នៃ​ក្រសួងការពារជាតិ មិនមែន​ជា​រឿង​មាន​សុវត្ថិភាព​នោះ​ទេ ។ ពោល​គឺ​វា​គ្មាន​សុវត្ថិភាព​ឡើយ​សម្រាប់​អ្នក​ដែល​កំពុង​ការពារ​វា ហើយ​វា​ក៏​មិន​មាន​សុវត្ថិភាព​ដែរ សម្រាប់​អ្វី​ដែល​យើង​កំពុង​ការពារ​នៅ​ខាងក្នុង Area 51» ។ ទោះជា​យ៉ាងណា​លោកស្រី​មិន​បាន​បញ្ជាក់​អ្វី​លម្អិត​ពីអ្វីដែលមាននៅក្នុង Area 51 នោះ​ទេ ដោយ​គ្រាន់តែ​បង្ហើប​ថា សូ​ម្បី​តែ​រូប​លោកស្រី​ផ្ទាល់​ក៏​មិន​ដែល​បាន​ចូល​ក្នុង Area 51 នោះ​ផង ។

Area 51 គឺជា​បន្ទាយ​យោធា​មួយ​នៃ​មូលដ្ឋាន​ទ័ពអាកាស Edwards ស្ថិត​នៅ​ក្នុង​រដ្ឋ​ណេ​វ៉ា​ដា (Nevada) ដែល​មនុស្ស​មួយ​ចំនួន​ជឿ​ថា ជា​កន្លែង​ដែល​រដ្ឋាភិបាល​អា​មេ​រិ​ក លាក់​ទុក​អាថ៌​កំបាំង​ផ្សេង​ៗ ​ពី​ពិភពលោក រួម​មាន​ពួក​អេ​លៀន (Aliens) ជាដើម និង​ជា​កន្លែង​ផ្ទុក​ឯកសារ​ដែល​ផ្តល់​នូវ​ភស្តុ​តាង​ពី​មនុស្ស​ក្រៅ​ភព ។

ចំណែក​ព្រឹទ្ធ​សមាជិក​មួយ​រូប​ទៀត​ប្រចាំ​រដ្ឋ Nevada គឺ​លោកស្រី Catherine Cortez-Masto បាន​ថ្លែង​ថា លោកស្រី​មិន​បានដឹង​ពី​គោលបំណង​ពិតប្រាកដ​ដែល​មនុស្ស​ទាំងនោះ ចង់​សម្រុកចូល​តំបន់​៥១​ឡើយ ។ ប៉ុន្តែលោកស្រី​យល់​ថា វា​គ្រាន់តែ​ជា​ការធ្វើលេង​​កម្សាន្ត​តែ​ប៉ុណ្ណោះ ។

ដំបូង​ឡើយ​មនុស្ស​ភាគច្រើន និង​សូ​ម្បី​តែ​មន្ត្រី​អា​មេ​រិ​ក ក៏​និយាយ​ថា វា​ត្រឹម​ជា​ការ​លេងសើច តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​ផុសផុល​កាន់តែ​ខ្លាំង​ឡើង រហូត​ដល់​អ្នកលេង​ហ្វេ​ស​បុក​ជិត២​លាន​នាក់​បាន​អះអាង​ថា ពួក​គេ​នឹង​ចូលរួម​ព្រឹត្តិការណ៍​ចូល​ទៅ​កាន់​តំបន់​៥១ ឬ Storm Area 51 គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​៣​ព្រឹក​ទាប​ភ្លឺ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ ។ រីឯសណ្ឋាគារ​នៅ​តំបន់​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា កក់​ពេញ​អស់​ទៅ​ហើយ ដោយ​បង្ខំ​ឱ្យ​អ្នកចូលរួម​ជា​ច្រើន​ត្រូវ​បោះ​តង់ដេកចាំ ។

គួរ​បម្រាប​ថា ចំពោះ​គម្រោង​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​កងទ័ពអាកាស​អា​មេ​រិ​ក​ព្រមាន​ដែរ​ថា នឹង​ចាត់វិធានការ​ទប់ស្កាត់​មិន​ឱ្យ​ពួក​គេ​ចូល​តំបន់​សម្ងាត់​នេះ​បាន​ឡើយ ។ «​ការ​ប៉ុនប៉ង​ណាមួយ ចូល​តំបន់​ហ្វឹកហ្វឺន​យោធា​ដោយ​ខុសច្បាប់ គឺជា​គ្រោះថ្នាក់​»​ ។
មូលដ្ឋាន​នេះ ត្រូវ​បាន​ប្រើប្រាស់​ដោយ​កងទ័ពអាកាស​អា​មេ​រិ​កប៉ុណ្ណោះ កន្លង​មក យន្តហោះ​ទម្លាក់​គ្រាប់បែក B-2 បាន​ធ្លាប់​ធ្វើតេស្ត​ នៅ​តំបន់​នេះ​ផង​ដែរ ៕