ភ្នំពេញ ៖ ស្ត្រីម្នាក់មានប្តីនឹងគេដែរ តែមិនគាប់ប្រសើរសោះ ពោលគឺជួបប្រុសហិង្សាប្រើកម្លាំងបាយ ចាត់ទុកប្រពន្ធដូចបាវសាក់ចូលចិត្តវាយដំធ្វើបាបឥតស្វាងធ្វើឲ្យនាងរស់ជាមួយនឹងទឹកភ្នែករាល់ថ្ងៃ រហូតលែងចង់រស់ឱបក្តីទុក្ខបែបនេះទៀត ក៏គិតខ្លីដឹកដៃកូនតូចៗ ចំនួន២នាក់មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្ស បំណងបញ្ចប់បញ្ហាគ្រប់យ៉ាងណា តែសំណាងល្អ ត្រូវបានសមត្ថកិច្ចប្រចាំការនៅស្ពានប្រទះឃើញចេញចាប់ទាន់វេលា ពុំនោះទេ ម្តាយកូននាង៣នាក់ ប្រាកដជាធ្វើដំណើរទៅជួបស្តេចយមរាជបាត់ទៅហើយ។

ហេតុការណ៍ស្រ្តីត្រូវប្តីវាយធ្វើបាបដឹកកូនតូច២នាក់មកលោតទឹកសម្លាប់ខ្លួននេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើស្ពានព្រះមុនីវង្ស (ថ្មី) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ស្ត្រីដែលគិតខ្លីមកលោតទឹកលើស្ពានសម្លាប់ខ្លួនមិនបានសម្រេចនេះ មានឈ្មោះទឹត ម៉ាក អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្តីឈ្មោះអ៊ាត អាយុ៥៥ឆ្នាំ មុខរបររើសអេតឆាយ ស្នាក់នៅមិនពិតប្រាកដ មានកូនប្រុសចំនួន៣នាក់ ។

ស្រ្តីអភ័ព្វខាងលើបានរៀបរាប់ឲ្យដឹងថា នាងបានចាប់ដៃជាមួយប្តី អស់រយៈពេលជាច្រើនឆ្នាំមកហើយ រួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសចំនួន៣នាក់ ដោយប្តីរបស់គាត់ ប្រកបរបរដើររើសអេតចាយ ហើយគ្មានផ្ទះសម្បែងពិតប្រាកដនោះទេ ពោលគឺធ្វើដំណើរដល់ណាដេកនៅទីនោះ មិនថាតែតាមចិញ្ចើមផ្លូវ និងវត្តឡើយ។

នាងរួមរស់ជាមួយប្តីមិនដែលស្គាល់សុភមង្គលឡើយ ព្រោះតែប្តីនាងជាមនុស្សកំរោលចូលចិត្តវាយធ្វើបាបនាងជាប្រពន្ធគ្មានញញើតដៃ ធ្វើឲ្យនាងរស់នៅជាមួយនឹងទឹកភ្នែករាល់ថ្ងៃ រស់នៅពិបាកជាងស្លាប់ទៅទៀត ទើបមានគំនិតគិតខ្លីបែបនេះ។

ស្រ្តីខាងលើបន្តថា មុនពេលកើតហេតុ នាងសល់លុយ៤០០រៀល ក៏បានទៅផឹកស្រាបង្ហើយ ដើម្បីកាត់សាញ រួចក៏ដឹកដៃកូនតូច២នាក់ មកលោតទឹកសម្លាប់ខ្លួន នៅស្ពានព្រះមុនីវង្សថ្មី តែត្រូវបានសមត្ថកិច្ចឃាត់នាង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការសាកសួរពីដំណើររឿង ណែនាំដល់នាងកុំឲ្យគិតខ្លីបែបនេះទៀត និងឲ្យនាងត្រឡប់ទៅជួបប្តីវិញ ប៉ុន្តែស្ត្រីខាងលើមិនព្រមទៅ ណានោះទេ គឺបាននាំកូនតូចដេកនៅក្រោមស្ពានអាកាសក្បាលថ្នល់សិន ៕