ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងបើករ៉ឺម៉កសណ្ដោងលក់ផ្លែឈើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូធំមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល  ។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចការ៉ាស់ភីស៊ីធី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

ជនរងគ្រោះ ឈ្មោះ រៀង សុធី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ផ្លែឈើស្នាក់នៅផ្ទះជួលត្រពាំងសិលា ខណ្ឌដង្កោ មានស្រុកកំណើតភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃុំ ។

ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ រូបគាត់បើកម៉ូតូរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 1P-0834 ចេញពីផ្ទះជួល ក្នុងគោលបំណងទៅយកផ្លែឈើនៅផ្សារដើមគ ដោយធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីលិចទៅកើត ។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំស្លាកលេខ ជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បានសម្រេច រួចព្យាយាមជិះរត់គេចសំដៅទៅផ្សារដើមគ ដោយរូបគាត់ ក៏ស្រែកចោរៗបើកម៉ូតូរឺម៉កដេញពីក្រោយដែរ តែគ្មាននណាម្នាក់ ជួយដេញគាត់សោះ សូមម្បីតែសមត្ថកិច្ចក៏គ្មានឃើញម្នាក់ដែរ ។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលនៅក្នុងកាបូប រួមមានលុយខ្មែរ និងដុល្លារជាងមួយពាន់ដុល្លារ ទូរស័ព្ទដៃមួយគ្រឿង កាតគ្រីម៉ូតូមួយ និងអត្តសញ្ញាណបណ័្ណមួយសន្លឹក ត្រូវចោរឆក់ទៅបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូសណ្ដោងរ៉ឺម៉ករបស់ខ្លួន វិញត្រឡប់មកក្រោមស្ពានអាកាសស្ទឹងមានជ័យទាំងអស់សង្ឃឹម និងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ចាប់ជនសង្ស័យនោះមកផ្ដាន្ទាទោសតាមច្បាប់ ៕