ភ្នំពេញ ៖ ចូលមកដល់សប្តាហ៍ទី៣ នៃការប្រឡងចម្រៀងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia វគ្គ Judge Audition បេក្ខជនវ័យក្មេងម្នាក់ គឺកុមារា ចាន់ សុបញ្ញា បានធ្វើឲ្យគណៈកម្មការឆ្នើមទាំង៤ ដែលមានដូចជា ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន ពេញចិត្តកោតសរសើរនូវទឹកដមសំឡេងរបស់បេក្ខជនរូបជាខ្លាំង និង ធ្វើឲ្យកក្រើក កម្មវិធី X Factor Cambodia តែម្តង។

សូមបញ្ជាក់ថា បេក្ខជន ចាន់ សុបញ្ញា ទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបានមកប្រឡងចម្រៀងនៅកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia ក្នុងសប្តាហ៍ទី៣ ដោយបានយកបទចម្រៀង១បទ មានចំណងជើង «ខូចចិត្តត្បិតព្រាត់អូន » ដែលជាសំនៀងជំនាន់ដើមរបស់លោកមាស ហុកសេង មកបកស្រាយ។

គ្រាន់តែបក្ខជនវ័យក្មេងរូបនេះ បញ្ចេញសមត្ថភាពបង្ហើរសំឡេងភ្លាម ធ្វើឲ្យទស្សនិកជននៅទីនោះ និងគណកម្មការទាំងបួន ទះដៃគាំទ្រសឹងតែមិនជឿថា កុមារ៉ារូបនេះ មានទឹកដមសំឡេងពីរោះរណ្តំបែបនេះសោះ រហូតទទួលបាន យេស ដល់ទៅបួនពីគណៈកម្មការ ។
ចំណែក កុមារា ចាន់ សុបញ្ញា វិញ ក្រោយពីទទួលបាន យេសចំនួន៤ ពីគណៈកម្មការ ធ្វើឲ្យរូបគេត្រេកអររំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកនៅលើឆាកតែម្តង។

ចង់ដឹងថា បេក្ខជនវ័យក្មេងមកពីខេត្តកំពង់ចាម រូបនេះ មានទឹកដមសំឡេងពីរោះយ៉ាងណា សូមប្រិយមិត្តទស្សនាវីដូអេខាងក្រោមនេះ ៖