ភ្នែក គឺជាផ្នែកមួយនៃរូបរាងកាយយើង ដែលវាដើរតួយ៉ាងសំខាន់ការសម្លឹងមើល។ ការសម្លឹងមើលកញ្ចក់កុំព្យូទ័រពេញមួយថ្ងៃអាចដាក់សម្ពាធជាខ្លាំងទៅលើកែវភ្នែករបស់អ្នក។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់មួយចំនួនក្នុងការជួយថែរក្សាភ្នែកអ្នកពីភាពនឿយហត់ ដែលកើតមានជាមួយ នឹងការងាររបស់អ្នក៖
១/.អនុញ្ញាតអោយភ្នែករបស់អ្នកមានពេលសម្រាក
ចូរប្រាកដថាអ្នកបានងាកចេញពីកញ្ចក់កុំព្យូទ័ររាល់ ១៥នាទីម្តង ប្រសិនបើអ្នកមិនអាចធ្វើបានច្រើនជាងនេះ។ អ្នកអាចក្រលេកទៅមើលអ្វីដែលនៅជិត ឬនៅឆ្ងាយពីអ្នក ដើម្បីជួយក្នុងការធ្វើលំហាត់ប្រាណដល់ជម្រៅនៃញាណមើលឃើញរបស់អ្នក។ វាជាការប្រសើរក្នុងការសម្លឹងមើលទៅខាងក្រៅបង្អួច នៅពេលដែលអ្នកព្យាយាមផ្តោតកែវភ្នែករបស់អ្នកទៅលើរបស់អ្វីដែលនៅឆ្ងាយ។
២/.ការព្រិចភ្នែក
នៅពេលដែលអ្នកសម្លឹងមើលទៅលើកញ្ចក់អេក្រង់របស់កុំព្យូទ័រ នោះយើងហាក់នឹងធ្វើការព្រិចភ្នែក ប្រហែលជា ៥ដងតិចជាងពេលធម្មតា។ ការព្រិចភ្នែកហាក់ដូចជាសកម្មភាពមិនសំខាន់មួយ ប៉ុន្តែវាអាចនឹងផ្តល់នូវជាតិរំអិលទៅលើគ្រាប់ភ្នែកដែលអាចធ្វើអោយពួកវាធ្វើការបានយ៉ាងរលូនល្អ។
៣/.ធ្វើលំហាត់ប្រាណចំពោះគ្រាប់ភ្នែក
វាអាចនឹងមើលទៅរាងឆ្គងបន្តិច ប៉ុន្តែវាពិតជាអាចជួយអ្នកបាន។ កន្លែងដែលមានភាពឯកជនសម្រាប់អ្នកក្នុងការធ្វើវានោះ គឺនៅក្នុងបន្ទប់ទឹក។ អ្នកអាចចំណាយពេល ១នាទី ក្នុងការធ្វើចលនាបង្វិល បញ្ឆៀង និងព្រិចភ្នែក។
៤/.ដាក់ថ្នាំបន្តក់ភ្នែក
ជាពិសេសនៅក្នុងរដូវរងារ កែវភ្នែករបស់អ្នកគឺហាក់នឹងមានសភាពស្ងួតជាងពេលធម្មតា។ ដូចនេះអ្នកគួរធ្វើការបន្តក់ថ្នាំដាក់ភ្នែកអោយបាន ២ ទៅ ៣ដង ក្នុងមួយថ្ងៃ។
៥/.កែតម្រូវស្ថានភាពការងាររបស់អ្នក
ដោយដាក់អក្សរដែលអ្នកត្រូវមើលអោយស្ថិតចំកម្រិតកែវភ្នែករបស់អ្នក ដែលអាចសម្លឹងបានដោយអ្នកមិនត្រូវខំប្រឹងងើយឡើងលើ ឬចុះក្រោមពេកនោះទេ។ កញ្ចក់អេក្រង់កុំព្យូរទ័រ គួរស្ថិតនៅអោយបានឆ្ងាយស្មើនឹងចម្ងាយដៃរបស់អ្នក។ អ្នកត្រូវដាក់ខ្នងអោយនៅផ្អែកទៅនឹងកៅអីរបស់អ្នក។ ការអង្គុយក្នុងស្ថានភាពបានត្រឹមត្រូវក៏អាចជួយអ្នកក្នុងការការពារនូវអាការៈរោយត្រង់កបានផងដែរ។
៦/.ការទទួលទានអាហារអោយមានតុល្យភាព
ការទទួលទានអាហារអោយមានតុល្យភាពក៏បានផ្តល់ផលល្អចំពោះសុខភាពកែវភ្នែករបស់អ្នកដែរ។ អាហារទាំងនោះរួមមានដូចជា ស៊ុត ការ៉ុត និងប្រភេទស្ពៃខៀវជាច្រើនប្រភេទ និងផ្លែប៊័រ។ ប្រភេទអាហារទាំងនេះ គឺសំបូរទៅដោយសារជាតិបំប៉នមានដូចជា lutein ដែលពិតជាមានភាពវិសេសវិសាលចំពោះកែវភ្នែកអ្នក។
៧/.ញ៉ាំទឹកអោយបានច្រើន
ញ៉ាំទឹកអោយបានច្រើនក្នុងមួយថ្ងៃ ជាពិសេសប្រសិនបើអ្នកបានផឹកកាហ្វេនៅក្នុងពេលព្រឹក។ សារជាតិកាហ្វេអ៊ីនអាចធ្វើអោយគ្រាប់ភ្នែករបស់អ្នកឡើងស្ងួតបាន។
៨/.សម្រាប់អ្នកដែលត្រូវប្រើកុំព្យូទ័រនៅផ្ទះ
នោះអ្នកក៏អាចបង្កើតនូវកន្លែងធ្វើការមួយដោយដាក់តុ និងស្ថានភាពដូចដែលបានរៀបរាប់មកពីខាងលើនេះដែរ។ វាជាការប្រសើរសម្រាប់អ្នកក្នុងការអង្គុយនៅលើកៅអីពូក ដែលមានកន្លែងតម្រេកខ្លួនជាមួយនឹងការសម្រាកបានដ៏ល្អ ប៉ុន្តែអ្នកមិនត្រូវស្ថិតក្នុងស្ថានភាពបែបនេះច្រើនជាងរយៈពេល ១ម៉ោងនោះទេ វាអាចធ្វើអោយអ្នករោយក។ ចូរប្រាកដថាអ្នកនឹងមិនធ្វើការងារនៅក្នុងកន្លែងងងឹតនោះទេ។ ពន្លឺដែលជះចេញពីកញ្ចក់អេក្រង់កុំព្យូទ័រ និងភាពងងឹតអាចធ្វើអោយគ្រាប់ភ្នែកអ្នកឆាប់ចុករោយជាងពេលធម្មតា៕