ការចិញ្ចឹមត្រីអណ្ដែង ក្នុងរណ្ដៅប្លាស្ទិកវាពិតជាប្លែកណាស់នូវវិធីចិញ្ចឹមមួយនេះ ប៉ុន្តែបើយើងស្វែងយល់វាឲ្យកាន់តែច្បាស់វាគឺជាបច្ចេកទេសមួយ ដែលបង្កលក្ខណៈងាយស្រួលដល់អ្នកចិញ្ចឹម ចំណេញពេលវេលា មិនត្រូវការដីធំក្នុងការជីកស្រះ (១ម៉ែត្រ៤ជ្រុង) មិនពិបាកថែទាំ ក៏យើងអាចចិញ្ចឹមបាន ម្យ៉ាងទៀតត្រីអណ្ដែងគឺជាត្រីដែលធន់នឹងទឹកជាងត្រីដទៃ នេះចំពោះតំបន់ណាដែលខ្សត់ទឹកក៏មិនជាបញ្ហា។ ដូចនេះដើម្បីបងប្អូនយល់អោយកាន់តែច្បាស់យើងនិងរៀបរាប់នូវបច្ចេកទេសចិញ្ចឹម ដូចខាងក្រោម៖
១/.ការជ្រើសរើសទីតាំង
កន្លែងចិញ្ចឹម ត្រូវជ្រើសរើសមើលក្បែរប្រភពទឹកងាយស្រួលផ្លាស់ប្តូរទឹក ដីទួលខ្ពស់មិនលិចទឹក និងជាកន្លែងវាលមិនម្លប់ពេក ហើយនៅជិតផ្ទះងាយស្រួលមើលថែរក្សា ។

២/.ការរៀបចំកន្លែងចិញ្ចឹម
រៀបចំរណ្តៅដែលមានទំហំបណ្តោយ៤ម៉ែត្រ ទទឹង២,៥ម៉ែត្រនិងជម្រៅ០,៩ម៉ែត្រ។ រណ្តៅត្រូវជីកឲ្យមានជើងទេកុំឲ្យបាក់ដីរួចក្រាលថង់ប្លាស្ទិកឲ្យសល់ប្រហែល២តឹកចេញពីមាត់រណ្តៅដើម្បីដាក់ដីទប់ពីលើ។ ក្រោយពេលក្រាលហើយដាក់ភក់បាតត្រពាំងកំរាស់ ១ តឹក សព្វពេញបាតរណ្តៅ បាចកំបោរចំនួន២ខាំដើម្បីសម្លាប់មេរោគក្នុងរណ្តៅបន្ទាប់មកទុកចោលរយៈពេល២ថ្ងៃទើបបូមទឹកចូលឲ្យពេញរណ្តៅ។
ប្លង់តុង(សត្វល្អិតជាចំណី)ដាក់ទន្រ្ទានខែត្រចំនួន ២ដុំ(មួយដុំប្រហែល ១ គីឡូក្រាម) និងបានដាក់អាចម៍គោចំនួន២គីឡូក្រាម ដោយខ្ចប់នឹងស្បៃឈឹប ដើម្បីងាយស្រួលរំលាយសារធាតុ ។ រយៈពេល ១ សប្តាហ៍ ក្រោយពីទឹកមានប្លង់តុងល្អហើយស្រង់ទន្ទ្រានខែត្រ និងលាមកគោ ទើបអាចដាក់កូនត្រីចិញ្ចឹមបាន ។

៣/. ការដឹកជញ្ជូន និងបរិមាណលែងកូនត្រី
កូនត្រី ដែលដាក់ចិញ្ចឹមបានទិញមកពីស្ថានីយ៍ភ្ញាស់កូនត្រី។ ក្រោយពេលមកដល់ផ្ទះ ដាក់ថង់កូនត្រីក្នុងរណ្តៅដែលមានដាក់ទឹកពេញ ហើយមានប្លង់តុងរយៈពេល១០ នាទី ដើម្បីឲ្យកូនត្រីមានភាពស៊ាំក្នុងទឹក។ ក្រោយមកទៀតស្រាយមាត់ថង់ហើយបាចទឹកបញ្ចូលបន្តិចម្តងៗឲ្យកូនត្រី ចេញតាមដំណើរកុំឲ្យកូនត្រីមានភាពភ័យរន្ធត់។ កូនត្រីដែលអាចចិញ្ចឹមមានចំនួន ៤២០ ក្បាល។ ក្នុងនោះត្រីអណ្តែងស្រែដាក់ចំនួន២០ក្បាល ប៉ុន្តែត្រូវក្រៀវដោយយកកន្ត្រៃកាត់ក្រចកចុងធ្មុងវាចោលដើម្បីវាលូតលាស់លឿន ( កុំកាត់ជ្រៅពេក )។

៤/.ប្រភេទចំណី និងការផ្តល់ចំណី
ចំណីសម្រាប់ផ្តល់ឲ្យត្រីស៊ីមាន កន្ទក់ កណ្តៀរ ពោះវៀនមាន់ ទា ពស់ងាប់ ជន្លេនចំណីកូនត្រីដំបូងគឺបាយបបរលាយជាមួយកន្ទក់ចំណីនេះឲ្យស៊ីរយៈពេល១សប្តាហ៍ក្រោយមកបន្ថែមចំណីផ្សេងទៀតដូចជាកណ្តៀរជន្លេនងាប់និងបាយលាយជាមួយកន្ទក់ឲ្យស៊ីចំនួនពីរដងក្នុងមួយថ្ងៃ ( ចំនួនកន្ទក់ ១គីឡូក្រាម )។

៥/.ការគ្រប់គ្រង និងថែទាំ
ចំពោះទឹក ត្រូវប្តូរ១ខែម្តងដោយដងចេញ៥ប៉ោត និងដងដាក់វិញ៥ប៉ោត ហើយធ្វើរបាំងស្បៃការពារជុំវិញមាត់រណ្តៅ ដើម្បីការពារសត្វជ្រូក គោ មាន់ ទា និងពិសេសការពារការលោតចេញ ឬឡើងពីរណ្តៅ។ នៅពេលដាក់ចំណី យើងអាចគោះឈើដើម្បីហៅត្រីឲ្យស៊ីចំណី ក្រៅពីគាត់ផ្តល់ចំណី ត្រូវមើលជុំវិញរណ្តៅក្រែងមានពស់ ឬ កង្កែប ឬ កណ្តុរ កាត់របាំង។

៦/.ការប្រមូលផល
បានរយៈពេល៦ខែ ត្រីអណ្តែងលូតលាស់លឿនពី ២,៥ ខាំ ទៅ ៣ ខាំ ក្នុងមួយក្បាល។ យើងអាចប្រមូលផលដោយដងលក់ម្តងចំនួន២០គីឡូក្រាម។ លក់បានចំនួន៣ ដង ទើបអស់ ។ សរុបនៃការលក់ត្រីទាំងអស់បាន ៣៦០ ០០០ រៀល។ ក្នុងការចិញ្ចឹមត្រីនេះចំណាយទិញកូនត្រី ៣៦ ០០០ រៀល ថង់ប្លាស្ទិក ៥០០០០ ( ថង់ប្លាស្ទិកអាចប្រើបាន ៣ ដង)ស្បៃឈឹប ១២ ០០០ រៀល។ សរុបចំណាយអស់ ៩៨ ០០០ រៀល ដូចនេះយើងអាចទទួលបានចំនួនសុទ្ធ ៦២៦ ០០ រៀល ដោយមិនគិតពីការបិភោគក្នុងគ្រួសារ ។


បច្ចេកទេសការចិញ្ចឹមនេះ ពិតជាជួយដល់បងប្អូនបានច្រើនយ៉ាង មិនថាពេលវេលា ការចំណាយទុន ហើយជាពិសេសអាចឲ្យយើងងាយនឹងទទួលបានចំណូលលឿន ពីការចិញ្ចឹម អាចផ្គត់ផ្គង់ធ្វើម្ហូបបរិភោគប្រចាំថ្ងៃទៀតផង ៕