រាជធានី​ភ្នំពេញ​+​កំពង់ស្ពឺ ៖ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចាប់ខ្លួនមន្ដ្រី​នគរបាល​កម្ពុជាចំនួន​៣​នាក់ និងបញ្ជូន​ទៅ​តុលាការ ដែល​២​នាក់ ជាម​ន្ដ្រី​នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​ម្នាក់​ទៀត ជាម​ន្ដ្រី​នៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ពាក់ព័ន្ធ​ការ​អន្ដរាគមន៍​ដោះ​លែង​ជនជាតិ​ចិន ១៨​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​(​សង្ស័យ​ថា​ជា​ក្រុម​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណេ​ត​) នៅ​ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​មន្ដ្រី​នគរបាល បាន​ឲ្យ​ដឹង​ថា មន្ដ្រី​នគរបាល​ទាំង​៣​រូប ដែល​ត្រូវ​ចាប់ និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​២​នាក់ នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម (​ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ និង​វរសេនីយ៍ត្រី​) និង​ម្នាក់​ទៀត​នៅ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ។

ប្រភព​ព័ត៌មាន​ដដែល បាន​អះអាង​ថា ជនជាតិ​ចិន​១៨​នាក់​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណេ​ត ប៉ុន្ដែ​ក្រោយមក មន្ដ្រី​នគរបាល​កម្ពុជា​ទាំង​៣​នាក់ ខាងលើ​នេះ​បាន​ចេញ​មុខ​រត់ការ​ដោះ​លែង រហូត​ដឹង​ដល់​ថ្នាក់លើ ទើប​ឈាន​ទៅ​ការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​តែ​ម្តង ។

សូម​រម្លឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ យ៉ាង​ហោច​ណា​ស់មានជន​ជាតិចិន​ចំនួន​១៨​នាក់ (​ចិនតៃវ៉ាន់​១២​នាក់​) ដែល​បាន​សំងំ​លាក់ខ្លួន​ក្នុងផ្ទះ​ដាច់​ស្រយាល​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ ព័ទ្ធ​ចាប់ខ្លួន ដោយ​មានការ​ដឹកនាំ​និង​សម្របសម្រួល​ផ្លូវច្បាប់ ដោយ​លោក ខៃ ស​ម្ជ​ស្ស ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ផង​ដែរ ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាប​ជនជាតិ​ចិន​ទាំង​១៨​នាក់​នោះ ទីតាំង​ឃ្លាំង​មួយ​កន្លែង​ដែល​គេ​ដឹង​ថា ជា​កម្មសិទ្ធិ​របស់​លោក​មេធាវី ហេ ជីវ​អេ​ង នៅ​ក្នុង​ដីចំការ​ស្វាយ ស្ថិត​នៅ​ក្នុងភូមិ​ចា ឃុំ​ស្វាយ​ច​ចឹប ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ទីតាំង​ដែល​ជនជាតិ​ចិន​យក​ធ្វើ​ជា​មូលដ្ឋាន​ប្រព្រឹត្ត​បទល្មើស​ចាប់ជំរិត​នោះ ត្រូវ​បាន​ម្ចាស់​ដី ឈ្មោះ ហេ ជីវ អេ​ង មុខរបរ​ជា​មេធាវី បាន​ជួល​ទៅ​ឲ្យ​ឈ្មោះ រ័​ត្ន ពិ​ន្ទ ដែល​ជា​តំណាង​ឈរឈ្មោះ​អោយ​បុគ្គល​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ក្នុង​តម្លៃ​២.២០០០​ដុល្លារ​ក្នុង​មួយ​ខែ ។

នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នោះ កម្លាំង​នគរបាល​បាន​ដកហូត​សម្ភារ​ជា​ច្រើន និង​ឃាត់ខ្លួន​ចិន​ទាំង​១៨​នាក់​យក​ទៅ​សាកសួរ ។ នគរបាល​ជំនាញ​ខេត្តកំពង់ស្ពឺ​បាន​សម្រេច​បញ្ជូន​ខ្លួន​ក្រុម​ជនសង្ស័យ ទាំង​១៨​នាក់ និង​វត្ថុ​តាង​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា VOIP ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ដំណើរការ​ចាត់ការ​តាម​នីតិវិធី​បន្ដ​ជាមួយ​ភាគី​នគរបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​ច្បាប់​ជា​ធរមាន ៕