ខេត្តមណ្ឌលគិរី ៖ ក្រោយពីគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានរកឃើញឈើកប់ដី ជាច្រើនរយពាន់កំណាត់ចំនួន២ក្រុមហ៊ុន និងចាប់ខ្លួន ឧកញ៉ាស៊ឹង សំអុល និងបក្សពួក៣នាក់ទៀតមក ព្រះរាជអាជ្ញាអមតុលាការខេត្តមណ្ឌលគិរី លោក ហៀង សុភក្ត្រ នៅថ្ងៃទី១៧ ខែ កក្កដា បានចេញដីកាបង្គាប់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើស្រុកកោះញែក ៣រូប បង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឱ្យបានមុនថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។

ព្រះរាជអាជ្ញាអមតុលាការខេត្តមណ្ឌលគិរីលោក ហៀង សុភក្ត្រ នៅថ្ងៃទី១៧ ខែ កក្កដា បានចេញដីកាបង្គាប់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើស្រុកកោះញែក ៣រូប បង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឱ្យបានមុនថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែ មន្ត្រីទាំង៣រូបនេះ រួមទាំងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើមួយចំនួនទៀត រត់គេចខ្លួនបាត់ហើយ។

មន្ត្រីរដ្ឋបាលព្រៃ៣នាក់ដែលតុលាការបានចេញដីកាបង្គាប់ឲ្យបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនោះ រួមមាន៖

១- លោក លឿង ភិរុណ អាយុ ៥៥ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលឹក មានទីលំនៅក្នុងភូមិដំណាំកិន ឃុំដើមមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

២- លោក ហ៊ុន វណ្ណេ អាយុ ៥០ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ មានទីលំនៅក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

៣- និងលោក គង់ វិរៈ អាយុ ៤៦ឆ្នាំ ជានាយផ្នែករដ្ឋបាលព្រៃឈើកោះញែក មានទីលំនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការបញ្ជាឲ្យចូលខ្លួននេះ គឺដើម្បីសាកសួរទៅលើករណីមួយចំនួនមានដូចជា ផ្ដល់ការអនុញ្ញាតផ្ទុយបទបញ្ញត្តិនៃច្បាប់ អនុគ្រោះចំពោះបទល្មើសព្រៃឈើ មិនរាយការណ៍ ឬមិនបានដាក់ បណ្ដឹងចំពោះបទល្មើសព្រៃឈើថ្នាក់ទី១ ដែលបានកើតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនឱ្យបានទាន់ពេលវេលា ធ្វេសប្រហែសដោយចេតនាក្នុងការបំពេញភារកិច្ច ឬផ្ដល់ព័ត៌មានក្លែងក្លាយបន្លំជាលាយលក្ខណ៍អក្សរ ដែលជាមូលហេតុបង្កឱ្យកើតមានបទល្មើសព្រៃឈើថ្នាក់ទី១។

ការចេញដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការខេត្តមណ្ឌលគិរីធ្វើឡើង ក្រោយពីគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចាប់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្សពួក ៣នាក់ទៀត កាលពីថ្ងៃទី៩ កក្កដាកន្លងទៅ។

កាលពីសប្ដាហ៍មុន តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ក៏បានចេញដីកាកោះហៅជនជាតិចិន ២នាក់ រួមមាន អគ្គនាយកក្រុមហ៊ុន ដាច់វូដ លោក សុង វិនចាង (Song Wenzhang) និងនាយកក្រុមហ៊ុន យ៉ានចាវ , លោក ចាង វិនតាវ (Wentao Zhang) ព្រមទាំងបុគ្គលិកក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ២នាក់ ដើម្បីសាកសួរអំពីការប្រមូលដឹកជញ្ជូន និងប្រមូលផលព្រៃឈើគ្មានលិខិតអនុញ្ញាតផងដែរ។

ដីកាបង្គាប់ឲ្យចូលខ្លួនទាំងពីរនេះ សុទ្ធតែបើកផ្លូវឲ្យសមត្ថកិច្ចនាំខ្លួនពួកគេទៅបង្ហាញខ្លួន និងសាកសួរបាន ប្រសិនបើពួកគេមិនចូលទៅបំភ្លឺតាមការកំណត់ទេនោះ។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា អ្នកពាក់ព័ន្ធបទល្មើសព្រៃឈើមួយចំនួន កំពុងរត់គេចខ្លួន បន្ទាប់ពីទទួលបានដីកាកោះហៅឲ្យចូលបំភ្លឺ។ ទោះជាយ៉ាងនេះក្តី លោកអះអាងថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងស៊ើបអង្កេត ដើម្បីនាំខ្លួនពួកគេឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៕