ខេត្តស្ទឹងត្រែង៖  រឿងអាស្រូវ លោកមេប៉ុស្តិ៍ក្បាលរមាស ឈ្មោះឡត ម៉ារ៉ន (ហៅ អ៊ុយ) មានគ្នា៣នាក់ បានប្រើហិង្សាវាយតៃកុងឡានដឹកទ្វារបង្អួចមួយដៃចំកណ្តាលមុខរួចយករថយន្ត ទៅប្រគល់ឲ្យជំនាញ និងប្រើល្បិចជំនាញទារលុយដល់ទៅ១៥០០ដុល្លារ បន្ទាប់មក ចុះនៅត្រឹម៤លានរៀល។

ឈ្មោះពេញ វាន់ថន ជាជនរងគ្រោះ និងជាម្ចាស់រថយន្តពណ៍លឿងលាយស ពាក់ស្លាកលេខ2AE.9435 ដឹកទ្វារបង្អួច បានប្រាប់អ្នកយកព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែកក្កដា ថា៖ នៅយប់ម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ រូបគាត់បានដឹកទ្វារបង្អួច ចេញពីស្រែគរថ្មី ឆ្លងកាត់វារីអគ្គិសនីសេសានក្រោមពីរ ដើម្បីយកទៅលក់នៅក្នុងស្រុក ស្រាប់តែត្រូវលោកឡត ម៉ារ៉ន (ហៅអ៊ុយ) មេប៉ុស្តិ៍ក្បាលរមាស និងបក្ខពួក៣នាក់ទៀត បានមកស្ទាក់ឃាត់រថយន្តគាត់ដែលមិនទាន់ចេញផុតពីផ្លូវវារីអគ្គិសនីនោះនៅឡើយ រួចឲ្យគាត់អែបឡានចូលខាង តែគាត់មិនព្រម លោកមេប៉ុស្តិ៍ ក៍ស្ទុះចូលឡានដណ្តើមសោរឡានពីគាត់ ឲ្យកូនចៅបើក តែកូនចៅលោកមេប៉ុស្តិ៍ មិនចេះបើក ។

ពេលនោះគាត់ត្រូវលោកមេប៉ុស្តិ៍ និងបក្ខពួក វាយមួយដៃចំកណ្តាលមុខ ទើបបញ្ជាឲ្យគាត់បើកទៅស្នាក់ការរដ្ឋបាលព្រៃឈើក្បាលរមាស រួចឲ្យមេព្រៃធ្វើវិធានការជំរិតទារលុយរហូតដល់ទៅ១៥០០ដុល្លារទាំងយប់តែម្ដង ។

ដោយគាត់មិនព្រមឲ្យលុយតាមការជំរិតទារនេះ កូនចៅលោកឡត ម៉ារ៉ន ប្រមាថគាត់រកវៃបន្ថែមទៀត ទើបឲ្យគាត់មករកកន្លែងសម្រាក។

ឈ្មោះពេញ វាន់ថន បានបន្តថា លុះព្រឹកឡើងថ្ងៃទី១១ ខែកក្កដាដដែល គាត់ទៅអង្វរសុំតថ្លៃគ្នាម្ដងទៀត រហូតដល់ម៉ោងប្រមាណ១ជាង ទើបមេព្រៃនិងលោកមេប៉ុស្តិ៍ ឡត ម៉ារ៉ន ព្រមចុះមកនៅត្រឹម៤លានរៀល ដោយគាត់បង្ខំឲ្យប្រពន្ធដើរចងការលុយគេមកឲ្យគ្រប់ចំនួនទើបពួកគេប្រគល់ទាំងរថយន្តនិងទ្វារបង្អួចមកវិញទាំងអស់ ដោយគ្មានលក្ខខណ្ឌ ។

ឈ្មោះពេញ វាន់ថន បន្តទៀតថា នេះគឺបទគំរាមគំហែងជំរឹតទារប្រាក់ស្របច្បាប់របស់លោកមេប៉ុស្តិ៍ ដែលឃុបឃិតគ្នាជាមួយមេព្រៃក្បាលរមាស មកលើពលរដ្ឋស្លូតត្រង់ ។ កន្លងមក មន្ត្រីរាជការនិងប្រជាពលរដ្ឋនិយាយតៗគ្នាថាៈ លោកឡត ម៉ារ៉ន មេប៉ុស្តិ៍ក្បាលរមាសនេះ ត្រូវបានលោកឡូយ សុផាត អតីតអភិបាលខេត្ត បានដាក់រហស្សនាមថា ជាមេប៉ុស្តិ៍ត្រកួតអណ្ដើក និងជាមេឈ្មួញឈើផង កាងឈើផងដែរ ។

ជុំវិញករណីចោទប្រកាន់ពីម្ចាស់រថយន្តរកស៊ីដឹកទ្វារបង្អួចឈ្មោះពេញ វាន់ថន ចោទថាបានជំរឹតទារលុយដល់ទៅ១៥០០ដុល្លារ បន្ទាប់មក ចុះនៅត្រឹម ៤លានរៀលនោះ kbn មិនអាចសុំការបំភ្លឺពីលោកមេប៉ុស្តិ៍ក្បាលរមាស ឈ្មោះឡត ម៉ារ៉ន (ហៅ អ៊ុយ) និងមេព្រៃក្បាលរមាស នោះ បានទេ៕