ខេត្តតាកែវ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៣គ្រឿងបុកបន្តកន្ទុយគ្នា បុគ្គលិកពេទ្យម្នាក់ស្លាប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ។


ជនរងគ្រោះឈ្មោះសុខ ចី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរបុគ្គលិកពេទ្យប្រចាំសង្កាត់បារាយណ៍ រស់នៅភូមិពន់ខាវ សង្កាត់បារាយណ៍ ក្រុងដូនកែវ ស្លាប់នៅកន្លែងកើតហេតុ បើកបរម៉ូតូម៉ាក សង់សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-4054 ពាក់មួកសុវត្ថិភាព។


អ្នករងរបួសធ្ងន់ ឈ្មោះមូល ម៉ៅ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ជិះម៉ូតូម៉ាក សង់ សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1E-4472 គ្មានស្លាកលេខ រួមដំណើរជាមួយប្រពន្ធឈ្មោះ ពេជ្រ គឿន អាយុ ៥៥ឆ្នាំ មុខរបរធ្វើស្រែ ។


អ្នករងរបួសធ្ងន់ម្នាក់ទៀត ឈ្មោះ ហុម វិច្ឆយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ជិះម៉ូតូម៉ាក អ៊ិចស៊ិនទ័រ ពណ៌ក្រហម គ្មានស្លាកលេខ មិនពាក់មួកសុវត្ថិភាព រួមដំណើរជាមួយឈ្មោះ សន វុធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួគ្នា របួសស្រាល។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែង និងបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ និងបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកម៉ូតូទាំង៣គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕