ភ្នំពេញ៖ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលម្នាក់ ត្រូវបានរថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនតេលា បើកបុកម៉ូតូបណ្ដាលឲ្យរងរបួស រួចថយកិនបណ្តាលឱ្យស្លាប់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមការពិនិត្យលើឯកសារអត្តសញ្ញាណប័ណ្ណដែលនៅជាប់តាមខ្លួន ជនរងគ្រោះ ឈ្មោះយឹង សឹង ភេទប្រុស អាយុ៥១ឆ្នាំ ជាមន្ត្រីនគរបាល មានតួនាទីជានាយរងប៉ុស្តិ៍រដ្ឋបាលខ្វាវ ស្រុកសំរោង មានទីលំនៅភូមិកន្សោមខ្លែង ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជាមន្ត្រីនគរបាលរូបនេះ ជិះម៉ូតូម៉ាកស្មាស ពណ៍ខ្មៅ ពាក់ស្លាកលេខនគរបាល1-5071 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ រថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនតេលា ពាក់ស្លាកលេខភ្នំពេញ3E0345 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន មកបុកម៉ូតូជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ភ្លាមៗនោះ រថយន្តបង្កបានថយរថយន្តមកកិនបន្ថែម ទើបជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មបំផុត។

រួចហើយអ្នកបើកបររថយន្តបង្កចុះពីលើរថយន្តគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងបានយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕