ភ្នំពេញ ៖ ក្រុមហ៊ុនដែលនាំកាកសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រ ចូលមកដាក់នៅកំពង់ផែខេត្តព្រះសីហនុ គឺក្រុមហ៊ុនជុង យៀន ប្លាស្ទិក។ ប្រធានក្រុមហ៊ុន ជុង យៀនប្លាស្ទិក គឺជាជនជាតិខ្មែរ ប៉ុន្តែនៅក្នុងក្រុមហ៊ុននោះ មានជនជាតិចិនធ្វើការដែរ ហើយកំពុងតែធ្វើការស្រាវជ្រាវករណីនេះបន្ត។

នៅដើមសប្តាហ៍ក្រោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងកោះហៅម្ចាស់ក្រុមហ៊ុនមកធ្វើការសាកសួរ។ កាកសំណល់សំរាមបា្លស្ទិកនេះបើតាមការស្រាវជ្រាវ និងស៊ើបអង្កេតគឺ មានប្រភពមកពីអាម៉េរិក និងប្រទេសកាណាដា។សំណល់នេះត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី១៦ខែកក្កដាកន្លងទៅ។

លោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានថ្លែងប្រាប់ កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នំា២០១៩ ថា៖ “ក្រុមហ៊ុនដែលនាំចូលកាកសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រ យើងបានរកឃើញឈ្មោះក្រុមហ៊ុនហើយ គឺក្រុមហ៊ុន ជុង យៀន ប្លាស្ទិក ហើយប្រធានក្រុមហ៊ុនជាជនជាតិខ្មែរ ហើយនៅក្នុងក្រុមហ៊ុននឹងមានចិនធ្វើការដែរ តែយើងមិនទាន់បញ្ចប់ការស្រាវជ្រាវករណីនេះនៅឡើយទេ ហើយនៅដើមសប្តាហ៍ក្រោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងហៅម្ចាស់ក្រុមហ៊ុន ដើម្បីមកសាកសួរផ្ទាល់មាត់ថែមទៀត។ លទ្ធផលនៃការស្រាវជ្រាវរបស់យើង គឺតម្រូវឲ្យក្រុមហ៊ុននាំកាកសំណល់ប្លាស្ទិកនោះចេញទៅវិញ និងអាចធ្វើការផាកពិន័យទៅលើក្រុមហ៊ុននោះផងដែរ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុននាំចូលកាកសំណល់បា្លស្ទិក គឺអាចប្រឈមវិន័យរដ្ឋបាល និងអាចប្រឈមការបិទក្រុមហ៊ុន។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធបានសម្រេចគាស់ទូកុងតឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុក្រោយពីមានការសង្ស័យលើទំនិញដែលមាននៅក្នុងទូកុងតឺន័រនោះ៕