រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​នគរបាល​ច​រាចរណ៍​ទូ​ទាំង​ប្រទេស ចាប់ផ្តើម​ចាត់វិធានការ​ជំរុញ​ការ​ពាក់មួក​សុវត្ថិភាព​ដល់​អ្នក​ជិះ​ទោចក្រយានយន្ត និង​អ្នកបើកបរ​ត្រីចក្រយានយន្ត​គ្រប់​រូប ។

វិធានការ​នេះ​នឹង​អនុវត្ត​នៅ​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​ធ្វើការ​ឃាត់​តម្រូវ​ឲ្យ​រក​មួក​សុវត្ថិភាព​មក​ពាក់ រួច​ទើប​អនុញ្ញាត​ឲ្យ​បន្តដំណើរ ដោយ​មិន​ពិន័យ​រយៈពេល​១​ខែ គិត​ពី​ថ្ងៃ​ទី​១៩ កក្កដា នេះ​តទៅ ។

នៅ​ថ្ងៃ​ទី​១៩ កក្កដា ២០១៩ នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ព​ញ បាន​ជូនដំណឹង​ដល់​អ្នកបើកបរ និង​ព្រូ​រថយន្ត​ធំ​ៗ ក៏​ដូច​ជា​ម្ចាស់​ក្រុមហ៊ុន​និង​សមាគម​ន៍​ទាំងអស់ អោយ​បាន​ជ្រាប​ថា ចាប់ពី​ថ្ងៃ​ចន្ទ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ តទៅ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នឹង​សហការ​ជាមួយ​កម្លាំង​តាម​បណ្តា​អធិការ​ខណ្ឌ​នានា ដើម្បី​ចុះ​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​ជាតិ​ស្រវឹង ចំពោះ​អ្នកបើកបរ និង​ព្រូ​រថយន្ត​ធំ​ទាំងអស់ ។

ការ​ត្រួតពិនិត្យ​នេះ នឹង​ធ្វើ​តាម​គ្រប់​ច្រក ចេញចូល​ធំ​ៗ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ករណី​ត្រួតពិនិត្យ​រក​ឃើញ​អ្នកបើកបរ ឬ​ព្រូ​មាន​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន ឬ​ជាតិ​ស្រវឹង សមត្ថកិច្ច​នឹង​ឃាត់​រថយន្ត​ទុក ហើយ​បញ្ជូន​អ្នកបើកបរ និង​ព្រូ ទៅ​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕