ក្រចេះ ៖ មន្ត្រី​កាំកុងត្រូល​ខេត្តក្រចេះ សហការ​ជាមួយ​អាជ្ញាធរ និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ម្ហូបអាហារ បន្លែ ភេសជ្ជៈ នៅ​ផ្សារ​សំបូរ និង​ផ្សារ​សាម្គី​សណ្ដាន់ ដោយ​រក​ឃើញ​ទំនិញ​ខូចគុណភាព​និង​ហួស​កាលបរិច្ឆេទ​ជា​ច្រើន​មុខ ត្រូវ​បាន​ក្រុមការងារ​បាន​ដកហូត​យក​ទៅ​បំផ្លាញ​ចោល ។

ការ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​ផ្សារ​សំបូរ និង​ផ្សារ​សាម្គី​សណ្ដាន់ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ ។

លោក យាង បាក អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​ទៅ​លើ​មុខទំនិញ​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​នៅ​ផ្សារ​សំបូរ មន្ត្រី​រក​ឃើញ​សា​ធាតុ Salicylic Acid នៅ​ក្នុង​ជ្រក់ស្ពៃ​ចំនួន​១៣​គីឡូក្រាម និង​បាន​រក​ឃើញ​សារធាតុ ដែល​ហាមឃាត់​មានឈ្មោះ​សូ​ដ្យូ​ម​អ៊ី​ដ្រូ​ស៊ី​ល​សូ​ហ្វី​ត (Sodium Hydrosulfite) នៅ​ក្នុង​ស្ករត្នោត​ចំនួន​២៦​គីឡូក្រាម ត្រូវ​បាន​ដកហូត​យក​ទៅ​បំផ្លាញ​ចោល ។

លោក​អនុប្រធាន បញ្ជាក់​ទៀត​ថា សារធាតុ Salicylic Acid (​អាស៊ីត​សាលី​ស៊ី​លិច​) ជា​សារធាតុ​គីមី​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។ វា​ជា​សារធាតុ​គីមី ត្រូវ​បាន​គេ​ហាមឃាត់​សម្រាប់​ប្រើ ជាមួយ​សារធាតុ​បន្ថែម ក្នុង​ផលិតផល​ម្ហូបអាហារ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា នៅ​លើ​ទីផ្សារ​ប​ច្ចប្ប​ន្ន មាន​ប្រើប្រាស់​សារធាតុ​នេះ ក្នុង​ផលិតផល​អាហារ​ជា​ច្រើន ។ ចំពោះ​សារធាតុ Sodium Hydrosulfite (​ម្សៅ​ស​) វិញ​ជា​សារធាតុ​គីមី​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ដូច​គ្នា វា​ជា​សារធាតុ​គីមី ដែល​អ្នក​បាន​ដាក់​បន្ថែម ក្នុង​ផលិតផល​អាហារ ធ្វើ​ឲ្យ​អាហារ​មាន​ភាព​ស្រស់​បាន​យូ មិនឆាប់​ជាំ​ខ្មៅ បាត់​សោ​ភ័​ណ្ឌ​ភាព ។ ប៉ុន្តែ​សារធាតុ​នេះ ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឲ្យ​ប្រើ​ក្នុង​ផលិតផល​ម្ហូបអាហារ​នោះ ព្រោះ​វា​មាន​ផល​ប៉ះពាល់​ដល់​សុខភាព អាច​បណ្ដាល​ឲ្យ​ពិបាក​ដកដង្ហើម សម្ពាធ​ឈាម​ចុះ​ទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ និង​រាគ​រូស ។ សម្រាប់​អ្នក​ទាស់ចំណី​អាហារ​ធ្ងន់ធ្ងរ ឬ​អ្នកជំងឺ​ដែល​មាន​រោគ​ហឺត វា​អាច​បណ្ដាល​ឲ្យ​រន្ធត់​ញាប់​ញ័រ ភ្លឹកស្មារតី និង​អាច​ស្លាប់​បាន ៕