ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង៥ និង៤៧នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ មានជនជាតិចិនម្នាក់ សង្ស័យជំពាក់បំណុលគេវ័ណ្ឌក ដោះស្រាយមិនចេញ ក៏គិតខ្លីលោតពីលើអគារកម្ពស់៣ជាន់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចអគារលេខ៨ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ។

ជនរងគ្រោះដែលគិតខ្លីលោតពីលើអគារជាន់ទី៣សម្លាប់ខ្លួនេះ មានឈ្មោះ GONG PHENG ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅភូមិឃុំខាងលើ។
តាមការបំភ្លឺរបស់សាក្សីជនជាតិចិន ចំនួន៤នាក់ ដែលស្នាក់នៅក្នុងបន្ទប់ជាមួយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពី៣ថ្ងៃមុន មានជនជាតិចិនដូចគ្នា បានវីឆាតតាមទូរស័ព្ទមកទារលុយជនរងគ្រោះ តែមិនដឹងចំនួនប៉ុន្មានទេ លុះដល់ថ្ងៃកើតហេតុ វេលាម៉ោង២យប់ ជនរងគ្រោះបាននិយាយទូរស័ព្ទតាមវីឆាតទៀត តែអត់ដឹងនិយាយរឿងអ្វីទេ លុះដល់វេលាកើតហេតុ ស្រាប់តែជនរងគ្រោះគិតខ្លីលោតទម្លាក់ពីលើអគារធ្វើអត្តឃាតតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការពិនិត្យសពជនរងគ្រោះរួចរាល់ បានធ្វើកំណត់ហេតុ ដើម្បីរង់ចាំប្រគល់ជនរងគ្រោះជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕