ភ្នំពេញ៖ តួឯកល្ខោនបាសាក់ ម្នាក់កំពុងតែផាត់ម្សៅត្រូវ ចោរលួចម៉ូតូខានសំដែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង៨យប់ថ្ងៃទី ១៨ខែកក្កដាឆ្នាំ ២០១៩នៅ ឆាកល្ខោន នៅភូមិ ព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ជីម សុធារី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិល្បៈល្ខោនខ្មែរ មានភូមិកំណើតនៅ ភូមិ ស្វាយអាត់លើ ឃុំ ព្រែកតាមាក់ ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CZ-8857 ។

តាមប្រភពព័ត៌មានពី ជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បាន សម្ដែងសិល្បៈ ល្ខោនបាសាក់ នៅភូមិកើតហេតុ អស់រយៈពេលមួយសប្តាហ៍មកហើយ ហើយការសំដែងសិល្បៈល្ខោនបាសាក់ខាងលើមិនមែនមានកម្មវិធីបុណ្យអ្វីនោះទេ គឺសំដែង រៃអង្គាសថវិកា និងប្រាក់ឧបត្ថម្ភដើម្បីយកទៅផ្គត់ផ្គង់ក្រុមល្ខោនដែលខ្វះខាត ។ 

ជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា រឿងដែលសំដែងនៅយប់ខាងលើ គឺ សំដែងរឿង សូរិយាអស្ដង្គត ហើយ ជនរងគ្រោះជាតួឯកទៀតផង ។
នៅមុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូនៅមុខឆាកល្ខោន ហើយកំពង់តែ ផាត់មុខ លាបម្សៅ ដើម្បីសំដែងចែកជូនប្រិយមិត្តបងប្អូន ទស្សនាលុះផាត់មុខផាត់ម្សៅរួចហើយ បំរុងនឹងសំដែង ក៏ស្រាប់តែមិនឃើញម៉ូតូ របស់ខ្លួនដែលទុកនៅមុខឆាក និងបង្កឲ្យផ្អាកការសំដែងភ្លាមៗផងដែរ ដោយ ដើររកទាំងឯកសណ្ឋាន តួឯកល្ខោនបាសាក់ផងដែរ។ 

ក្រោយពេលកើតហេតុជន បន្ទាប់ពីដើរមើល ទីតាំងកន្លែងសព្វគ្រប់ហើយ ទើបរត់មកប្តឹងសមត្ថកិច្ច ដើម្បីអោយសមត្ថកិច្ចជួយសើបអង្កេតនឹងរកម៉ូតូជនរងគ្រោះ ភ្លាមៗផងដែរ ព្រោះជនរងគ្រោះ មានការ កង្វះខាត ថវិកាផង ៕