ខេត្តកណ្តាល ៖ ក្មេងប្រុសម្នាក់បានជិះកង់មកលេងផ្ទះជីដូន លុះពេលមកដល់បានយកកង់ទៅផ្អែកនឹងបង្គោលភ្លើងដែកក្នុងដីឡូត៍ តែអកុសល ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង២០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ចំណុចផ្ទះស្រ្តីជាដូនក្មេងរងគ្រោះ នៅភូមិកោះតេជោ២ ឃុំគគីរធំ ស្រុកកៀនស្វាយ។


ក្មេងរងគ្រោះឈ្មោះសុខា រ៉ាយុទ្ធ ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ មានទីលំនៅភូមិ កោះតេជោឃុំគគីរធំ ស្រុកកៀនស្វាយ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានជិះកង់ពីមកលេងផ្ទះជីដូនដែលមានទីតាំងកើតហេតុ ។ ពេលមកដល់មុខផ្ទះ ក្មេងរងគ្រោះបានយកកង់មកផ្អែកនឹងបង្គោល ដែកបំពង់ទីបដែលម្ចាស់ផ្ទះដាក់អំពូលភ្លើងបំភ្លឺក្នុងដីឡូតិ៍មុខផ្ទះរបស់គាត់នៅចិញ្ចើមផ្លូវ ស្រាប់តែឆក់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍។


ប្រភពបន្តថា ក្រោយទទួលបានព័ត៌មានមានករណីចរន្តអគ្គិសនីស្លាប់ កម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយផ្នែកជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំ ចុះពិនិត្យសាកសព ឃើញថា សពក្មេងរងគ្រោះមានស្នាមឆេះខ្លោចរាងពងក្រពើទទឹង៣ស.ម បណ្តោយ៧ស.មនៅលើឆ្អឹងជំនីរខាងស្តាំ នៅលើចង្កេះផ្នែកខាងក្រោយខ្នងមានស្នាមឆេះខ្លោច រាងពងក្រពើទំហំ៤គុណ៣ស.ម និងនៅគន្លាក់ដៃខាងស្តាំមានស្នាមរលាកប្រវែង២.៥ស.ម ។

សមត្ថកិច្ចបញ្ជាក់ថា ឆ្លងតាមការពិនិត្យ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕