ភ្នំពេញ៖ ស្ត្រីអភ័ព្វម្នាក់កំពុងជិះកង់សុខៗ រថយន្តក្រទ្បុកម៉ង់ត៍ ជ្រុលចង្កូតមកបុក និងកិន បណ្តាលឲ្យស្លាប់ដាច់ខ្លួនជា២កំណាត់ បែកធ្លាយ ខួរ សាច់ រាយប៉ាយពេញផ្លូវ ។ ភ្លាមៗនោះដែរ ស្រាប់តែរថយន្តស្តារិចមួយគ្រឿងទៀតបើកមកពីក្រោយ ជាន់ហ្រ្វាំងមិនទាន់ ក៍កិនពីលើសពបន្ថែមទៀត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភ្លើងស្តុប២០០៤ កែងផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរងគ្រោះ ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះ អាយុប្រហែលជាង៥០ឆ្នាំ ស្លៀកខោក្រណាត់ផ្កាជើងវែង ពាក់អាវ ដៃវែង ពណ៌ប្រផេះ ជិះកង់ពណ៌ខៀវ មានថង់ម្ហូបអាហារ ។ ចំណែករថយន្តបង្ក ប្រភេទក្រទ្បុកម៉ង់ត៍ក្រុមហ៊ុន CHENGLONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2386 ។

មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានជិញះកង់ ចេញពីផ្សារសិនជូរី មានថង់ត្រីសាច់ ម្ហូបអាហារ ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចភ្លើងស្តុបខាងលើ ស្រាប់តែមានរថយន្តក្រទ្បុកម៉ងត៍ក្រុមហ៊ុន CHENGLONG បើកពីត្បូងទៅជើង បានជ្រុលចង្កូតមកបុក និងកិនស្ត្រីរងគ្រោះ កំពុងជិះកង់បណ្តាលឲ្យស្លាប់ដាច់ខ្លួនជា២កំណាត់ ហើយបើកទៅហួសផុតសពបន្តិច ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខលេខ ភ្នំពេញ 2AM-6234 បើកបរដោយជនជាតិចិន ធ្វើដំណើរតាមពីក្រោយ ចាប់ហ្រ្វាំងមិនទាន់ ក៍កិនពីលើបន្ថែមទៀត ។

ភ្លាមៗនោះ រថយន្តក្រទ្បុកម៉ងត៍ព្យាយាមបើករត់ បានប្រហែល៥០០ម៉ែត្រ ត្រូវបានសម្ថកិច្ចដេញតាមឃាត់បានតែរថយន្ត ឯអ្នកបើកបរលោតចុះពីរថយន្តរត់គេចខ្លួនទៅបាត់ ។ ចំណែកជនជាតិចិន អ្នកបើកកបររថយន្ត ស្តារិច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាបណ្តោះអាសន្ន ។

ក្រោយពេលកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីបន្តស្រាវជ្រាវស្វែងរកសាច់ញាតិ ។ ចំណែករថយន្តក្រទ្បុកម៉ងត៍ និងរថយន្តស្តារិច ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕