ខេត្តព្រះសីហនុ ៖ កាលពីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះមាននគរបាលចរាចរ និងកម្លាំងសមត្ថកិច្ចសង្កាត់លេខ៣ បានចុះចាប់យកគ្រឿងចក្រស្ទូច១គ្រឿង ដែលដាក់ស្ទូចសម្ភារៈដាក់ការដ្ឋានសំណង់មួយកន្លែងរបស់ក្រុមហ៊ុនចិន លើចំណែកផ្លូវឯករាជ្យ ត្រង់ផ្លូវចំណោតខាងលើអូរសំអាត បណ្តាលឲ្យកកស្ទះចរាចរណ៍ខ្លាំង។


សមត្ថកិច្ច បញ្ជាក់ថា គ្រឿងចក្រដែលសមត្ថកិច្ចចាប់យកនេះនឹងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅមន្ទីរសាធារណការខេត្ត ដើម្បីដោះស្រាយតាមនីតិវិធី ក្រោមហេតុផលថាមិនបានសុំច្បាប់ផ្លូវការពេលប្រតិបត្តិការលើផ្លូវសាធារណៈប៉ះពាល់ដល់ការធ្វើចរាចរណ៍ បង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណើរជាខ្លាំង។

សូមបញ្ជាក់ថា ចាប់តាំងពីលោកកួច ចំរើន ដែលសម្តេចហ៊ុន សែន អួតសរសើរថាជាមនុស្សខ្លាំង ឡើងជាអភិបាលខេត្តព្រះសីហនុមក ធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ បានចាប់ផ្តើមកែប្រែមុខមាត់ល្អបន្តិចម្តង ជាពិសេស ជនជាតិចិន ដែលមកស្នាក់នៅ និងធ្វើការរកស៊ីនៅទីនោះ ក៏មិនមានបង្កភាពអនាធិបតេយ្យដូចមុនដែរ៕