ភ្នំពេញ៖ កាលពីម្សិលមិញ មហាជនមានការភ្ញាក់ជាខ្លាំង ក្រោយពីបានឃើញរូបថតតារាក្បាច់គុនចិនល្បីឈ្មោះលំដាប់ពិភពលោក គឺលោកឈិន ឡុង ថតរូបជាមួយមន្ត្រីអង្គភាពស៊ីម៉ាក់ យ៉ាងស្និទ្ធស្នាល ទាំងមេឃកំពុងធ្លាក់ភ្លើង ហើយត្រូវបានគេយកមកបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាពិសេស ម្ចាស់ផេកហ្វេសប៊ុកនោះ បានបញ្ជាក់ថា តារាល្បីឈ្មោះរូបនេះ លោកឈិន ឡុង ខំមកពីហុងកុង និងសុំថតរូបជាមួយមន្ត្រីស៊ីម៉ាក់…។

យោងតាមផេកហ្វេសប៊ុករបស់លោក HENG Ratana ជាប្រធានស៊ីម៉ាក់ បានបង្ហោះរូប និងសារ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ថា «មន្ត្រីស៊ីម៉ាក់ពួកគាត់លើកឡើងថា មិនមែនចង់ថតប៉ុន្មានទេ តែតួកុនដ៏សែនល្បីល្បាញលើពិភពលោក គឺលោកឈិន ឡុង សុំថតជាមួយហើយបើមិនឲ្យថត ក៏ដូចជាមិនសម! បើលោកឈិន ឡុង ខំមកពីហុងកុង និងអញ្ជើញទស្សនកិច្ចសកម្មភាពស៊ីម៉ាក់ ទោះបីជាកំពុងមានភ្លៀងធ្លាក់ខ្លាំងក៏ដោយផងនោះ! (ចេះតែនិយាយហ្នង មើលមុខទៅដឹងហើយ អ្នកណាសុំអ្នកណាថត)! (រូបថតពីកាលអើយកាលនោះណានៅប៉ៃលិន)»៕