ដោយ ឈឹម សេរីភួន ៖  ប៉ុល ពត ដែលមានឈ្មោះដើមថា សាឡុត ស កើតនៅភូមិព្រែកស្បូវ ក្នុងខេត្តកំពង់ធំ ក្នុងគ្រួសារត្រកូលកសិករស្តុកស្តម្ភមួយ ។ ក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយតាមវិទ្យុជាតិកម្ពុជាប្រជាធិបតេយ្យ កាលពីឆ្នាំ១៩៧៧ ប៉ុល ពត បានអះអាងថា គាត់កើតនៅថ្ងៃ១៨ ខែឧសភាឆ្នាំ១៩២៥។ ប៉ុន្តែយោងតាមឯកសារជាច្រើនរបស់បារាំង បានតម្កល់ទុកនៅឆ្នាំ១៩៥០ ប៉ុល ពត ឬសាឡុត ស កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩២៨។ 

ឃុនព្រះម្នាង មាឃ បងជីដូនមួយ ប៉ុល ពត ជាស្នំឯករបស់ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស

ឪពុករបស់ សាឡុត ស ឈ្មោះ ប៉ែន សាឡុត ម្តាយឈ្មោះ សុក ណែម។ សាឡុតស មានបងប្អូនទាំងអស់៩នាក់ ក្នុងនោះប្រុស៧នាក់ និងស្រី២នាក់។ សាឡុត សគឺជាកូនទី៨។

យោងតាមប្រវត្តិវិទូ David Chandlerបានឲ្យដឹងថា  គ្រួសាររបស់ សាឡុត ស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះបរមរាជវាំង។នៅក្នុងទសវត្សរ៍ឆ្នាំ១៩២០ បងស្រីជីដូនមួយម្នាក់របស់ សាឡុត ស ឈ្មោះ មាឃគឺជាអ្នករាំរបាំព្រះរាជទ្រព្យប្រចាំព្រះបរមរាជវាំង។ ក្រោយមក មាឃក៏បានក្លាយជាស្នំឯករបស់ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស ហើយទទួលបានតំណែងជាឃុនព្រះម្នាង ដែលមានអំណាចត្រួតលើស្រីស្នំទាំងអស់នៅក្នុងវាំង។

លោកយាយ សាឡុត រឿង បងបង្កើតរបស់ ប៉ុល ពត

បងប្រុសច្បងរបស់ សាឡុត ស ឈ្មោះ សាឡុត សួងក៏ជាបុគ្គលិកម្នាក់បម្រើការនៅក្នុងការិយាល័យពិធីការនៃព្រះបរមរាជវាំងដែរ។ ក្រោយមក បងស្រីរបស់ សាឡុត ស ឈ្មោះ សាឡុត  រឿង ក៏បានចូលមកបម្រើការក្នុងក្រុមរបាំព្រះរាជទ្រព្យហើយបានក្លាយជាស្នំឯករបស់ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ដូចឃុនព្រះម្នាង មាឃ ដែរ។

នៅឆ្នាំ១៩៣៤ សាឡុត ស ដែលកាលនោះមានអាយុ៦ឆ្នាំ(បើគិតតាមថ្ងៃខែឆ្នាំកំណើតដែលបានចុះក្នុងបញ្ជីជាតិ ឆ្នាំ១៩២៨) និងបងប្រុសម្នាក់ទៀតឈ្មោះ សាឡុត ឆាយ ត្រូវបានគ្រួសារបញ្ជូនពីស្រុកកំណើតនៅខេត្តកំពង់ធំ ឲ្យមករស់នៅភ្នំពេញជាមួយមាឃ និង សួង ដែលជាបង។ មិនយូរប៉ុន្មានក្រោយពីមកដល់ភ្នំពេញ សាឡុត សក៏បានទៅបួសរៀនធម៌ និងភាសាខ្មែរនៅវត្តបុទមវត្តី ដែលស្ថិតនៅជាប់នឹងព្រះបរមរាជវាំង។ គួរបញ្ជាក់ថា នៅពេលនោះប្រទេសកម្ពុជាកំពុងស្ថិតក្រោមអាណាព្យាបាលបារាំង ហើយនៅតាមសាលារៀនរបស់រដ្ឋ គេតម្រូវឲ្យរៀនជាភាសាបារាំង។

ប៉ុល ពត និងមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ផ្សេងៗទៀត

ក្រោយពីបានបួសអស់ប៉ុន្មានខែមក នៅឆ្នាំ១៩៣៦ សាឡុត ស ក៏បានចូលរៀននៅសាលាបឋមសិក្សាកាតូលិកមួយ នៅជិតព្រះបរមរាជវាំង។សិស្សនៅសាលានោះ ច្រើនតែជាកូនមន្រ្តីរាជការ ឬអ្នកមានឋានៈធំដុំហើយថ្លៃសាលានោះទៀតសោត ក៏មានតម្លៃខ្ពស់ដែរ។

នៅក្នុងអំឡុងពេលនោះ មានព្រឹត្តិការណ៍មួយចំនួនបានកើតឡើងដែលអាចជះឥទ្ធិពលដល់គំនិតរបស់ សាឡុត ស ជាពិសេសគំនិតបែបជាតិនិយម។

នៅពេលដែល សាឡុត ស ទើបតែបានចូលរៀននៅសាលាបឋមសិក្សានោះ សឺង ង៉ុកថាញ់ ស៊ឹម វ៉ា និង ប៉ាច ឈឿន ដែលធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ក្នុងក្រុងភ្នំពេញ ត្រូវបានទទួលការអនុញ្ញាតពីអាជ្ញាធរបារាំង ឲ្យចេញផ្សាយកាសែតជាភាសាខ្មែរមួយ ឈ្មោះ កាសែតនគរវត្ត  ជាកាសែតភាសាខ្មែរលើកដំបូងបង្អស់ នៅប្រទេសកម្ពុជា។ កាសែត នគរវត្ត មានចុះផ្សាយអត្ថបទវិចារណកថាជាច្រើន ដែលបង្ហាញពីគំនិតជាតិនិយម។ ពេលនោះ សាឡុត ស ដែលរស់នៅជាមួយបងៗ ប្រហែលជាបានអានកាសែតនេះជាប្រចាំ ពីព្រោះឃុនព្រះម្នាង មាឃ បងស្រីជីដូនមួយ និងសាឡុត សួង ដែលត្រូវជាបងបង្កើត បានជាវកាសែតនគរវត្តនោះ មកអានជាប្រចាំ។

ប៉ុល ពត និង សុផាន់វង្ស (មេដឹកនាំ បក្សកុម្មុយនីស្តឡាវ) ជួប ហូ ជីមិញ ឆ្នាំ ១៩៦៦

នៅពេលដែល សាឡុត ស រៀនជិតចប់ថ្នាក់បឋមសិក្សា នៅចន្លោះឆ្នាំ១៩៤០ និងឆ្នាំ១៩៤១  គឺចំពេលដែលអាល្លឺម៉ង់  ច្បាំងឈ្នះបារាំង  នៅក្នុងសង្រ្គាមលោកលើកទីពីរ ហើយបារាំង បានយល់ព្រមកាត់យកទឹកដីខេត្តបាត់ដំបង និងសៀមរាបរបស់ខ្មែរ ទៅឲ្យថៃ  ជាហេតុបណ្តាលឲ្យប្រជាជនកម្ពុជាមានកំហឹងឈឺចាប់យ៉ាងខ្លាំង។ សូម្បីតែព្រះមហាក្សត្រមុនីវង្ស ក៏ខ្ញាល់នឹងការបាត់បង់ទឹកដីនេះ រហូតសម្រេចព្រះទ័យចាកចេញពីព្រះបរមរាជវាំង ទៅគង់នៅព្រះដំណាក់នៅលើភ្នំបូកគោ ខេត្តកំពត ហើយបដិសេធឈប់និយាយជាមួយបារាំង រហូតដល់ព្រះអង្គចូលទិវង្គត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ ក្នុងព្រះជន្មាយុ៦៥វស្សា។

ប៉ុល ពត ជួបមេដឹកនាំចិន ម៉ៅ សេទុង

ទំនងជាហេតុការណ៍ទាំងពីរនេះហើយដែលបានជះឥទ្ធិពលដល់គំនិតរបស់សាឡុត ស ដែលនៅជាកុមារនៅឡើយឲ្យមានគំនិតស្អប់បរទេស និងមានគំនិតជាតិនិយម។

នៅឆ្នាំ១៩៤២ សាឡុត ស បានជាប់ឈ្មោះក្នុងចំណោមសិស្ស២០នាក់ដែលត្រូវបានជ្រើសរើសឲ្យទៅរៀននៅអនុវិទ្យាល័យមួយឈ្មោះ“អនុវិទ្យាល័យព្រះសីហនុ” ដែលបារាំងទើបនឹងបង្កើតនៅទីរួមខេត្តកំពង់ចាម។

នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៤២ នៅទីក្រុងភ្នំពេញ មានបាតុកម្មដ៏ធំមួយប្រឆាំងនឹងបារាំង។បាតុកម្មនេះកើតឡើង ក្រោយពីអាជ្ញាធរបារាំងបានចាប់ខ្លួនព្រះសង្ឃពីរអង្គ គឺអាចារ្យហែមចៀវ និង នួន ឌួង ដែលបានទេសនាប្រឆាំងនឹងបារាំង។បាតុកម្មនេះរៀបចំឡើងដោយ សឺន ង៉ុកថាញ់ និង ប៉ាច ឈឿនហើយមានអ្នកចូលរួមរាប់ពាន់នាក់ ក្នុងនោះមានព្រះសង្ឃប្រមាណ៥០០អង្គផង។ តែមិនអាចដឹងបានទេថា តើ សាឡុត ស បានចូលរួមក្នុងបាតុកម្មនេះដែរឬអត់?

ប៉ុល ពត ជូបមេដឹកនាំចិន តេង ស៊ាវពីង

នៅឯអនុវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម សាឡុត ស បានជួបជាមួយហ៊ូ នឹម ហ៊ូ យន់ និង ខៀវ សំផន ដែលរៀននៅទីនោះដែរ។អ្នកទាំងនេះសុទ្ធតែជាអ្នករៀនពូកែដែលក្រោយមកសុទ្ធតែបានក្លាយជាមេដឹកនាំសំខាន់ៗរបស់ចលនាខ្មែរក្រហម។ក៏ប៉ុន្តែ មិត្តភក្តិជិតស្និទ្ធបំផុតរបស់សាឡុត ស នៅពេលនោះ គឺ លន់ ណុន ជាប្អូនប្រុសរបស់ លន់ នល់។  ប្រហែលជាដោយសារតែទំនាក់ទំនងជាមិត្តភក្តិជិតស្និទ្ធបំផុតជាមួយមេដឹកនាំខ្មែរក្រហមប៉ុល ពត នេះហើយ បានជា លន់ ណុន មិនព្រមចាកចេញពីទីក្រុងភ្នំពេញ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥   លន់ ណុន ត្រូវបានកងទ័ពខ្មែរក្រហមសម្លាប់ចោលភ្លាមៗក្រោយពីដណ្តើមកាន់កាប់ទីក្រុងភ្នំពេញ។

និយាយអំពីអត្តចរិតរបស់ សាឡុត ស វិញបើយោងតាមសិស្សដែលរៀនជាមួយ សាឡុត ស នៅអនុវិទ្យាល័យកំពង់ចាមសាឡុត ស គឺជាមនុស្សសាមញ្ញម្នាក់ មិនសូវនិយាយស្តីច្រើនចូលចិត្តលេងបាល់ទាត់ និងបាល់បោះ។ ជាមនុស្សរួសរាយ និងចេះគួរសមហើយជាមនុស្សមិនបង្ហាញពីមហិច្ឆតាចង់ធ្វើអ្វីឲ្យបានធំដុំនោះទេ។ សាឡុត សខ្លួនឯងក៏ធ្លាប់បានអះអាងស្រដៀងគ្នានេះដែរ។

នៅឆ្នាំ១៩៤៧ សាឡុត ស បានបញ្ចប់ការសិក្សានៅអនុវិទ្យាល័យព្រះសីហនុ កំពង់ចាម សាឡុត ស បានទៅចូលរៀននៅសាលាបច្ចេកទេសមួយ (សាលាដែក) នៅឫស្សីកែវ ក្រុងភ្នំពេញ ដោយយកជំនាញខាងជាងដែក។  បើតាមប្រវត្តិវិទូ David Chandler បានឲ្យដឹងថា សាឡុតស ទៅរៀននៅសាលាបច្ចេកទេសនេះ មិនមែនដោយសារតែគាត់ស្រឡាញ់ចូលចិត្តមុខជំនាញនេះទេ ប៉ុន្តែមកពីគាត់ប្រឡងចូលវិទ្យាល័យស៊ីសុវត្ថិ មិនជាប់។

ប៉ុល ពត និងអៀង សារី

ទោះជាមិនបានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ ពិតមែន តែសាឡុត ស បានក្លាយជាមិត្តជិតស្និទ្ធជាមួយនឹងសិស្សម្នាក់មកពីវិទ្យាល័យស៊ីសុវត្ថិ គឺ អៀងសារី។

យោងតាមលោកកេង វាន់សាក់ ដែលជាអគ្គលេខាគណបក្សប្រជាធិបតេយ្យ បានឲ្យដឹងថា សាឡុត ស និង អៀង សារី បានចូលរួមយ៉ាងសកម្មក្នុងជួយឃោសនាឲ្យគណបក្សប្រជាធិបតេយ្យ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ១៩៤៧។ នៅពេលនោះ គណបក្សប្រជាធិបតេយ្យដែលមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ជាប្រធានបានទទួលជ័យជំនះយ៉ាងលើសលុប ដោយដណ្តើមបាន៦០អាសនៈក្នុងចំណោមអាសនៈសរុបទាំង៧៥ នៅរដ្ឋសភា។

នៅឆ្នាំ១៩៤៩ សាឡុត ស បានទទួលអាហារូបករណ៍ដើម្បីទៅបន្តការសិក្សានៅប្រទេសបារាំង ផ្នែកអេឡិចត្រូនិច។  

ទាក់ទងដល់រឿង សាឡុត ស ដែលរៀនមិនសូវពូកែផង តែបែរជាបានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំងនេះ  ប្រហែលជាមកពីហេតុផលសំខាន់ពីរ គឺ៖

ទី១ នៅពេលនោះ គណបក្សប្រជាធិបតេយ្យដែលឈ្នះឆ្នោត កាលពីឆ្នាំ១៩៤៧ ជាអ្នកដឹកនាំរាជរដ្ឋាភិបាល ។ ប្រហែលជាដោយសារតែ សាឡុត ស បានជួយធ្វើការឃោសនាបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ ទើបរដ្ឋមន្រ្តីក្រសួងអប់រំ សម័យនោះ ផ្តល់អាហារូបករណ៍ឲ្យ សាឡុត ស ទៅរៀននៅបារាំង។

ប៉ុល ពត លេខាបក្សកុម្មុយនីស្តកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យ

ទី២ នៅពេលនោះមិនសូវមានកូនខ្មែរណា សិក្សាជំនាញខាងអេឡិចត្រូនិចទេ។ ប្រហែលជាមកពីហេតុនេះហើយ បានជាក្រសួងអប់រំ បញ្ជូន សាឡុត ស ដែលរៀននៅសាលាបច្ចេកទេសស្រាប់នោះ ឲ្យទៅបន្តការសិក្សាផ្នែកបច្ចេកទេសអេឡិចត្រូនិច នៅប្រទេសបារាំង។

ទោះជាក្នុងហេតុផលណាមួយក៏ដោយ សាឡុត ស បានកា្លយជាសិស្សមួយរូប ក្នុងចំណោមសិស្សពូកែទាំង២១រូបដែលត្រូវបានរាជរដ្ឋាភិបាលបញ្ជូនទៅរៀននៅប្រទេសបារាំង នៅឆ្នាំ១៩៤៩ ហើយនៅប្រទេសបារាំងនោះហើយ ដែល សាឡុត សបានក្លាយទៅជាសមាជិកបក្សកុម្មុយនិស្តបារាំង ៕