ភ្នំពេញ៖ SME Expo គឺជាការតាំងពិព័រណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំដោយមានការចូលរួមពីសហគ្រាសធនតូច និងមធ្យមជាច្រើនដែលនឹងបង្ហាញខ្លួនម្តងទៀតសម្រាប់រដូវកាលទី 2 នៅក្នុងឆ្នាំ 2019 នេះដោយធ្វើឡើងនៅផ្សារទំនើប អ៊ីអន សែនសុខ ជាន់ទី 03 នៅថ្ងៃទី 20-21 ខែកក្កដា ដោយទទួលស្វាគមន៍ភ្ញៀវទស្សនាប្រមាណជា 4, 000 នាក់ និងដៃគូសហការតាំងពិព័រណ៍រាប់រយនាក់ផងដែរ។

គួររំឭកផងដែរថាកសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ Korea Agro – Fisheries and Food Trade Corporation ក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំនេះផងដែរ។អ្វីដែលកាន់តែពិសេសក៏មានការតាំងបង្ហាញផលិតផលដែលមានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េដែលកំពុងតែមានវត្តមានក្នុងទីផ្សារដូចជា៖ Gingseng, Soymilk, Collagen and Chocostick អមដោយការដាក់សម្ពោធផ្លូវការនូវផលិតផល Miracle K-foods ថ្មីផងដែរក្នុងនោះរួមមាន៖ Yuza, Sweet Potato Caramel, Baby snacks, Omija និងភេសជ្ជៈផ្សេងៗជាច្រើនទៀត។

បើយោងតាម លោកស្រី Chae Eun Kim ដែលជាអ្នកគ្រប់គ្រងទូទៅ aT (Korea Agro-Fisheries&Food Trade Corporation) ប្រចាំកម្ពុជាបានមានប្រសាសន៍ថាលោកស្រីពិតជាមានមោទនភាពក្នុងការចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះខ្លាំងណាស់។ លោកស្រីក៏បានបន្ថែមទៀតថា “អាហារកូរ៉េគឺពិតជាមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព ហើយយើងទាំងអស់គ្នាពិតជាចង់ណែនាំអាហារដែលល្អបំផុតទាំងនោះមកកាន់ព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងទាំងវិស័យឧស្សាហ៍កម្មចំណីអាហារ និងភេសជ្ជៈ។ ដូច្នេះប្រទេសកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាទាំងអស់អាចទទួលបាននូវសុខភាពល្អ និងអាចសាកល្បងនូវអ្វីដែលថ្មីប្លែក” ។

ក្រៅពីកម្មវិធីសាកភ្លក់នូវផលិតផលដែលល្បី និងមានគុណភាពល្អរួចហើយ aT ក៏នឹងធ្វើការផ្តល់ជូនឱកាសថតរូបស្អាតៗដែលពុំធ្លាប់មានពីមុនមកនៅឯស្តង់ដោយផ្ទាល់ផងដែរ។ លើសពីនេះទៅទៀតក្នុងព្រឹត្តិការណ៍ដ៏រំភើបភ្ញាក់ផ្អើលនេះក៏មានសំណួរចម្លើយសប្បាយៗជាច្រើនជាមួយនឹងឱកាសឈ្នះនូវរង្វាន់​ និងវត្ថុអនុស្សាវរីយ៍យ៉ាងច្រើនសម្បូរបែប។

សូមបញ្ជាក់ផងដែរថាកម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីម៉ោង 10 ព្រឹក រហូតដល់ម៉ោង 08 យប់! ដូច្នេះសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ចូលរួមឱ្យបានច្រើនកុះករ និងកុំ​ឱ្យរំលងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឱ្យសោះ!