ភ្នំពេញ៖ មនុស្ស២នាក់ស្លាប់នៅកន្លែងយ៉ាងអាណោចអាធ័ម និង៨នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅក្នុងហេតុការណ៍រថយន្តបុកគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ-ឈ្នះ មុខច្រកចូលស្ថានីយទូរទស្សន៍ PNN ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។


សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តកូរ៉េ ពណ៌ខៀវ ជិះគ្នា៣នាក់ បើកបរដោយឈ្មោះធី អាយុ៣៥ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះហ៊ាន ស្រីនាង អាយុ២៨ឆ្នាំ និងកូនប្រុសអាយុ៣ឆ្នាំ មានទីលំនៅ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ។

មុនពេលកើតហេតុ រថយន្តខាងលើ បានធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តមានបញ្ហាបច្ចេកទេស ដាច់ម៉ែត្រចង្កូតរេឡើងខឿនទ្រូងផ្លូវ ប្រមាណជា១០ម៉ែត្រ ទើបធ្លាក់ចុះមកវិញ រេចង្កូតទៅខាងស្តាំ គាប់ជួនមានរថយន្តម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ 3A-1110 ដឹកអុសជិះគ្នា៨នាក់ បើកស្របទិសគ្នាលឿន មកដល់ជាន់ហ្វ្រាំងឈប់មិនទាន់គេចមិនផុត ក៏បុកគូទរថយន្តកូរ៉េ យ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យរថយន្តកូរ៉េដាច់ជា២កំណាត់ជ្រុះកាប៊ីន ហើយអ្នកបើកបររថយន្តកូរ៉េត្រូវកៀបនឹងរថយន្តស្លាប់ ចំណែកប្រពន្ធនិងកូនរងរបួសធ្ងន់ ចំណែកភាគី រថយន្តFUSO បន្តទៅបុកផ្ទប់ដើមឈើ ស្លាប់ម្នាក់ ជាព្រូរថយន្ត អ្នកបើកបររត់គេចខ្លួនបាត់ និង៦នាក់ជិះខាងលើ រងរបួសធ្ងន់ស្រាល ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ទាក់ទងហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទាំង៨នាក់ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសសង្គ្រោះជីវិត។ បន្ទាប់មក ទើបធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។ ចំណែក សពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិដឹកយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕