ខេត្តកំពង់ឆ្នាំង ៖ លោកយាយវ័យ៨៣ឆ្នាំម្នាក់ បានបាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីរងរបួស ខណៈ អ្នកបើកម៉ូតូកង់បីបើកគេចពីមុខថយន្ត ធ្លាក់ចូលក្នុងប្រឡាយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ៩៦ និង៩៧ ស្ថិតនៅក្នុងភូមិផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។


លោកយាយរងគ្រោះ ឈ្មោះ អ៊ី យ៉ាន អាយុ៨៣ឆ្នាំ រស់នៅខេត្តព្រៃវែង
មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះម៉ូតូរឺម៉កកង់បីគ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។

លុះបើកមកដល់ចំណុចកើតហេតុ ម្ចាស់ម៉ូតូកង់បីបានបើកវ៉ាជែងរថយន្តចំនួន២គ្រឿង តែអត់ផុត ស្រាប់តែមានរថយន្តមួយគ្រឿងទៀតមកពីមុខ ក៍ព្យាយាមគេចទៅម្ខាងផ្លូវ បណ្ដាលឲ្យជ្រុលធ្លាក់ប្រឡាយតែម្តង ពេលនោះលោកយាយរងគ្រោះ ដែលជិះនៅលើម៉ូតូកង់បីនោះ បានធ្លាក់ផ្ងារក្រោយ មកបោកនឹងដីបណ្តាលឲ្យរងរបួសធ្ងន់ ហើយបានប្រជាពលរដ្ឋហៅរថយន្ត សង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្រ្គោះ តែអកុសលបានពាក់កណ្តាលផ្លូវ ជនរងគ្រោះបានស្លាប់តែម្តង ។ ភ្លាមៗនោះ អ្នកបើកម៉ូតូកង់បីបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកម៉ូតូរឺម៉កកង់បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ។ ចំណែកសពជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹកយកទៅខេត្តព្រៃវែង ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕