ស្រកានាគ គឺជាដំណាំហូបផ្លែដែលប្រជាកសិករយើងនិយមដាំនៅតាមតំបន់ខ្ពង់រាប ពីព្រោះតែវា ងាយដាំ ងាយថែទាំ ចំណែកឯទិន្នផលងាយលក់មានទីផ្សារក្នុងស្រុកច្បាស់លាស់ ប៉ុន្តែវាទាមទារឲ្យយើងចំនាយដើមទុនច្រើនបន្តិចក្នុងការបង្កបង្កើនផល។ ដូចនេះដើម្បីដាំដុះដំណាំស្រកានាគឲ្យទទួលបានទិន្នផលល្អប្រសើរ កសិករត្រូវស្វែងយល់ពីលក្ខណះទូទៅរបស់ដំណាំនោះ ចេះរៀបចំដី រើសពូជ និងការថែទាំផងដែរ។

*ការជ្រើសរើសពូជ៖
ការជ្រើសរើសដើមមកដាំ ត្រូវរើសដើមណាដែលថ្លោសល្អ មិនយកដើមដែលខ្ចីពេក ឬចាស់ពេកទេ ពេលជ្រើសរើសរួច ត្រូវកាត់វាជាកង់ៗ ប្រវែង ៣ ទៅ ៤តឹក ទុកសម្រាប់ដាំ ។

  • រដូវកាល៖
    បណ្តាខេត្តនៅភាគខាងត្បូងអាចដាំស្រកានាគបាននៅ ២ រដូវសំខាន់៖ ចំពោះតំបន់ខ្វះទឹកស្រោចស្រពគប្បីដាំនៅដើមរដូវភ្លៀង (ពីខែ មេសា ទៅខែ ឧសភា) ចំពោះតំបន់ដែលមានលក្ខខណ្ឌស្រោចស្រពល្អ ដាំនៅចុងរដូវភ្លៀង (ពីខែ តុលាទៅខែវិច្ឆិកា)។ នៅភាគខាងជើង ស្រកានាគដាំនៅខែ កុម្ភៈ ទៅខែ មីនា ខណៈដែលមានទឹកភ្លៀងដើមឆ្នាំធ្លាក់។
  • រៀបចំដីសម្រាប់ដាំ៖
    ដើមស្រកានាគសមស្របនឹងតំបន់ដីខ្ពស់រំហួតទឹកល្អ។ អាស្រ័យធន់បាននឹងភាពរាំងស្ងួតដូច្នេះហើយអាចដាំនៅលើដីខ្សោះជីវជាតិ ដីល្បាប់ ដីក្រហមនិងដីមានជាតិជូរ។
    មុនពេលដាំត្រូវកាប់ជ្រុំជាកំផែងទំហំពី ០,៦ ទៅ ០,៨ ម៉ែត្រ កំពស់ ០,៣ ទៅ ០,៥ ម៉ែត្រ។ ដើមស្រកានាគគឺជាប្រភេទវល្លិ៍តោងចាំបាច់ត្រូវរៀបចំជន្លង់មុនពេលដាំដើម្បីអោយដើមលូតលាស់។ អាចប្រើជន្លង់រស់ (ដើមឈើរស់) ត្រូវឧស្សាហ៍កាត់មែកនៅលើជន្លង់ចោលខ្លះដើម្បីដើមស្រកានាគរីកចំរើនប្រសើរបំផុតគួរប្រើជន្លង់ស៊ីម៉ងត៍។គម្លាតដាំសមស្របគឺ ៣ ម៉ែត្រ x ៣ ម៉ែត្រ ជាមួយដង់ស៊ីតេ ១.១០០ ជន្លង់ក្នុង ១ ហិកតា ឬដាំគម្លាតពី ២,៨ ម៉ែត្រ x ៣,០ ម៉ែត្រជាមួយដង់ស៊ីតេពី ១.២០០ ទៅ ១.៣០០ ជន្លង់ក្នុង ១ ហិកតា កំផែងនីមួយៗដាំពី ៣ ទៅ ៤ កំណាត់មែកពូជជម្រៅ ៥ សង់ទីម៉ែត្រ (អាស្រ័យលើបន្ទាត់ផ្ចិតជន្លង់) ចងផ្អោបកំណាត់មែកពូជជាប់នឹងតួជន្លង់។
  • របៀបដាក់ជី៖
    ចំពោះដើមអាយុ ១ ឆ្នាំ៖ចំនួនជីប្រើប្រាស់សម្រាប់ជន្លង់នីមួយៗគឺជីសរីរាង្គ ១០ គីឡូក្រាមជីស៊ុបពែហ្វូស្វាត ០,៥ គីឡូក្រាមជីអ៊ុយរ៉េ ០,៥គីឡូក្រាមនិងជី NPK ០,៥ គីឡូក្រាម ចែកជា ០៤ ដងសម្រាប់ដាក់៖
  • លើកទី ១ (មុនពេលដាំ)៖ ដាក់ជីសរីរាង្គនិងជីហ្វូស្វាតទាំងស្រុង។
  • លើកទី ២ (មួយខែបន្ទាប់ពីដាំ)៖ ជីអ៊ុយរ៉េចំនួន ១/៣ + ជី NPK ចំនួន ១/៣។
  • លើកទី ៣ (៦ ខែបន្ទាប់ពីដាំ)៖ ជីអ៊ុយរ៉េចំនួន ១/៣ + ជី NPK ចំនួន ១/៣។
  • លើកទី ៤ (ដើមចេញផ្កា)៖ ជីអ៊ុយរ៉េចំនួន ១/៣ + ជី NPK ចំនួន ១/៣។

ចំពោះដើមអាយុពី ២ ឆ្នាំឡើងទៅ៖ ចំនួនជីប្រើប្រាស់សម្រាប់ជន្លង់នីមួយៗគឺ៖ ជីសរីរាង្គ ១៥ គីឡូក្រាម ជីស៊ុបពែហ្វូស្វាត ០,៥ គីឡូក្រាម ជីអ៊ុយរ៉េ ០,៥ គីឡូក្រាមនិងជី NPK ០,៥ គីឡូក្រាម ជីក្លូរួប៉ូតាស្យូម ០,៥ គីឡូក្រាម។ ចែកជា ៣ ដងសម្រាប់ដាក់៖

  • លើកទី ១ (បន្ទាប់ពីប្រមូលផលរួច)៖ ដាក់ជីសរីរាង្គ ជីហ្វូស្វាតទាំងស្រុងនិងជីអ៊ុយរ៉េចំនួន ១/៣។
  • លើកទី ២ (២ ខែបន្ទាប់ពីប្រមូលផលរួច)៖ ជីអ៊ុយរ៉េចំនួន ១/៣ + ជី NPK ចំនួន ២/៥ និងជីក្លូរួប៉ូតាស្យូមចំនួន ១/២។
  • លើកទី ៣ (៤ ខែបន្ទាប់ពីប្រមូលផលរួច)៖ ជីអ៊ុយរ៉េចំនួន ១/៣ + ជី NPK ចំនួន ២/៥ និងជីក្លូរួប៉ូតាស្យូមចំនួន ១/២។

ចំនួនជី NPK ដែលនៅសេសសល់ (១/៥) នឹងដាក់បន្ថែមក្រោយពេលចេញផ្លែ។ អាចប្រើជីដាក់លើស្លឹកបន្ថែមដើម្បីបង្កើនការចេញផ្កា ចេញផ្លែ។

  • របៀបថែទាំ៖
  • ត្រូវផ្តល់ទឹកគ្រប់គ្រាន់ដើម្បីដំណាំរីកលូតលាស់។ តាមធម្មតាគឺពី ៣ ទៅ ៧ ថ្ងៃស្រោចអោយសើមម្តង។
  • ឧស្សាហ៍ជម្រះស្មៅ គួបផ្សំនឹងការដាក់ជី ហើយបង្គ្របគល់អោយដំណាំនារដូវក្តៅ។
  • ឧស្សាហ៍ពិនិត្យមើលដង្កូវជំងឺ កាត់មែកស្គមស្គាំង មែកខ្ចីពេក មែកចាស់ពេកចោលដើម្បីប្រមូលផ្តុំសារធាតុចិញ្ចឹមអោយដំណាំរីក លូតលាស់ល្អ។ល។
  • របៀបប្រមូលផល៖
    ពេលដែលផ្លែប្រែពណ៌ក្រហមបានពី ៣ ទៅ ៥ ថ្ងៃគឺប្រមូលផល។ ប្រើកន្ត្រៃមុតកាត់កៀកនឹងមែកដើម្បីប្រមូលផលផ្លែទាំងសណ្តង់៕
    សង្ឃឹមថាបងប្អូនប្រជាកសិករ និងព្យាយាមអនុវត្តន៏តាមវិធីដូចខាងលើ ព្រោះវាជាបច្ចេកទេសដែលត្រឹមត្រូវតាមស្តង់ដា នឹងនាំឲ្យកសិករទទួលបាននូវផលសម្រេចដូចក្ដីប្រាថ្នា ៕