ខេត្តពោធិ៍សាត់៖ បុរសមានបទពិសោធន៍ខាងជាប់ពន្ធនាគារច្រើនលើកមាក់ ត្រូវបានកម្លាំងនគរបាលចាប់វាយខ្នោះម្ដងទៀត បន្ទាប់ពីជននេះទាញដំបងឈើជ្រុងប្រវែងជិត២ម៉ែត្រវាយប្អូនថ្លៃជាមន្រ្តីយោធាបណ្ដាលឲ្យរងរបួស ។


ហេតុការណ៍ខាងលើ បានកើតឡើងនារសៀល ថ្ងៃពុធ ១រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចរោងចាំចំការមួយកន្លែង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ។


មន្រ្តីអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនដៃដល់ឈ្មោះ ជឿង ប៊ុនរិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ជាមនុស្សធ្លាប់ប្រើប្រាស់គឿងញៀន និងផឹកស៊ីអ៊ួទីនួ ហើយធ្លាប់ជាប់ពន្ធនាគាច្រើនលើកមកហើយ បច្ចុប្បន្ន រស់នៅចំណុចដូននាគ ស្ថិតក្នុងភូមិ.ឃុំកើតហេតុ ។

ចំណែកជនរងរបួសឈ្មោះ ជា ធា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំជាមួយគ្នា ហើយត្រូវជាប្អូនថ្លៃជនបង្ក ។
មុនពេលកើតហេតុ ជនរងគ្រោះ និងជនដៃដល់ផឹកស៊ីជុំគ្នា ។ លុះពេលស្រវឹងធ្លាក់ភ្នែក ក៍មានទំនាស់ពាក្យសម្ដីឡើងតឹងសរសៃករៀងៗខ្លួន រហូតឈានដល់វាយគ្នាតែម្ដង ហើយជនដៃដល់បានទាញឈើជ្រុងប្រវែងប្រមាណ១,៩០ម៉ែត្រ វាយប្រហារលើជនរងគ្រោះជាប្អូនថ្លៃបណ្ដាលឲ្យរបួសត្រង់ក ។


ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលស្រុកវាលវែង ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការតាមផ្លូវច្បាប់ ៕