ព្រៃវែង៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ព្រះតេជគុណ សតិសំវរោ អ៊ុ ឆុន ព្រះវិន័យធម៌អនុគណសង្ឃស្រុកព្រះស្ដេច និងជាព្រះគ្រូចៅអធិការវត្តសទ្ធារាម បានផ្តល់ជូន នៅសម្ភារៈ មនុស្សធម៌ ដល់លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច ដើម្បីចូលរួមចំណែកមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ការធ្វើនេះនៅវត្តសទ្ធារាម ភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

សម្ភារៈដែផ្តល់ជូននោះរួមមាន៖ ថវិកាចំនួន ៤២ ម៉ីនរៀល អង្ករ ៦ប៉ាវ ទឹកសុទ្ធ ៥ កេស មី ៥ កេស បំពង់ទឹកក្ដៅ៧០ ថូទឹកកក២៤ ចានស្រាក់៥២ ឆ្នាំង២៤ ទឹកត្រី២០យួរ ទឹកស៊ីអ៉ីវ២០យួរ ទឹកក្រូច ២ កេស និងឆ្នាំងខ្ទះ៤។

លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេចបានលើកឡើងថា៖ ទាំងនេះគឺជាទឹកចិត្តល្អប្រពៃរបស់ព្រះសង្ឃដើម្បីរួមចំណែកមនុស្សធម៌ជាមួយនឹងកាកបាទក្រហមកម្ពុជា ដើម្បីជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបទុក្ខលំបាកមានដូចជា រងគ្រោះដោយគ្រោះធម្មជាតិ រងគ្រោះដោយអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ចាស់ជរាគ្មានទីពឹង ជនពិការ ជាដើម។

លោកអភិបាលស្រុក ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តប្រទ័យដ៏បរិសុទ្ធរបស់ព្រះតេជគុណដែលបានបរិច្ចាគនូវសម្ភារៈជាលក្ខណៈមនុស្សធម៌ដើម្បីរួមចំណែកជាមួយនឹងកាកបាទក្រហមកម្ពុជា។

លោកអភិបាលស្រុក នឹងយកអំណោយទាំងអស់នេះទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជូបទុក្ខលំបាកដល់ដៃគ្រប់គ្រប់គ្នា៕