ភ្នំពេញ៖ យុវជនជាបើកទូកដរម្នាក់ បានចុះហែលទឹកទន្លេលេងជាមួយនឹងមិត្តភក្តិ៣នាក់ផ្សេងទៀត តែអកុសល មិនដឹងជាជនរងគ្រោះមានបញ្ហាអ្វី ស្រាប់តែលង់លិចចូលក្នុងទឹកទន្លេបាត់ ទម្រាំតែមានអ្នកមុជរាវរកឃើញ គឺជនរងគ្រោះឈ្លក់ទឹកស្លាប់បាត់ទៅហើយ ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចកំពង់ចម្លងព្រែកលៀប-កោះដាច់-កោះឧញ៉ាតី ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។


យុវជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះហឿន វង្ស អាយុ២១ឆ្នាំ មុខរបរអ្នករត់ទូកដរ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ និងមិត្តភក្តិ៣នាក់ទៀត បានចុះងូតទឹកលេងនៅក្បែរទូកដរ ពេលនោះ ជនរងគ្រោះបានហែលមកដល់ច្រាំងទន្លេ ហើយបានហែលទឹកត្រឡប់ទៅទូកដរវិញ តែមិនមានបញ្ហាអី ស្រាប់តែជនរងគ្រោះ បានលិចចូលទឹកបាត់តែម្តង ។

ភ្លាមៗនោះ មិត្តភក្តិជនរងគ្រោះ ម្ចាស់ទូកដរ និងបងប្អូនជនរងគ្រោះ ព្រមទាំងជួលជនជាតិខ្មែរ-អ៊ិស្លាម នាំគ្នាមុជរាវរហូតមកដល់ម៉ោង១ និង៣០នាទីរសៀលថ្ងៃដដែល ទើបរកសពជនរងគ្រោះឃើញ ស្រង់ឡើងគោក និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់មែន មិនជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ហើយបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕