ភ្នំពេញ ៖ កប្បាស គឺជាដំណាំឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសកម្ពុជាដែលមានការីកចំរើនខ្លាំងនៅសម័យសង្គមរាស្រ្ដនិយម ហើយត្រូវបានធ្លាក់ចុះនៅក្នុងសម័យខ្មែរក្រហម នៅពេលដែលវិស័យកសិកម្មទាំងមូលត្រូវបង្វែរទៅផ្តោតលើផលិតកម្មស្រូវ។


កាលពីថ្មីៗនេះ ក្រុមហ៊ុនចិនបានយកពូជជាង ៤០ ប្រភេទ មកដាំសាកល្បងលើទីតាំងមួយនៅខេត្តពោធិ៍សាត់ បានបញ្ចប់ការពិសោធលើការដាំកប្បាសដោយជោគជ័យ ហើយកំពុងរៀបចំការដាំដុះដំណាំនេះនៅលើផ្ទៃដី ១៨០ ហិកតា ក្នុងស្រុកបាកាន ជាលទ្ធផលគឺទទួលបានផលល្អប្រសើរទាំងអស់។ ក្រុមហ៊ុនចិន Lianfa កំពុងរៀបចំគម្រោងវិនិយោគលើដំណាំកប្បាសនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីកែច្នៃក្រណាត់សម្រាប់ផ្គត់ផ្គង់រោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


លោកស្រី វុឌ្ឍធី អ្នកនំាពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមហ៊ុនក៏គ្រោងនឹងសាងសង់រោងចក្រកែច្នៃផងដែរ ប៉ុន្តែមិនទាន់ដឹងពីពេលវេលានោះទេ។ លោកថ្លែងថា៖ «ខ្ញុំគិតថា បើគម្រោងនេះនឹងទទួលជោគជ័យ នោះនឹងអាចជួយស្តារឡើងវិញនូវឧស្សាហកម្មកប្បាសនៅកម្ពុជា»។ លោកបន្តថា ក្រុមហ៊ុនអាចនឹងចាប់ផ្តើមការដាំដុះ និងសាងសង់រោងចក្រ យ៉ាងយូរ ២ ឆ្នាំទៀត។


ប្រសិនបើមានក្រុមហ៊ុនដាំកប្បាសល្អម្យ៉ាង អាចមានកសិករ មកដាំកប្បាសឡើងវិញ ព្រោះគាត់មើលឃើញផលិតផលកប្បាសមានតម្រូវការខ្ពស់ក្នុងទីផ្សារ មានតម្លៃខ្ពស់ និងជាដំណាំឧស្សាហកម្មយ៉ាងធំទូទាំងពិភពលោក ៕