ខេត្តឧត្ដរមានជ័យ ៖ ជនទំនើង២នាក់បងប្អូន ដោយអាងថាខ្លួនជាកូនលោកមេភូមិ បានយកដំបងម្នាក់១កំណាត់ទៅព្រួតវាយសំពងយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។ ករណីហិង្សាកូនមេភូមិ២នាក់បងប្អូនព្រួតវាយយុវជនម្នាក់របួសធ្ងន់នេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅសួនច្បារសាលាខេត្ត។


ជនដៃដល់ដែលសមត្ថកិច្ចធ្វើការចាប់ខ្លួននេះ មានឈ្មោះឆោន ឈិត ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ឆោន រ៉ាឆាន់ ភេទប្រុស អាយុ២០ឆ្នាំ។ ជនដៃដល់ទាំង២នាក់ ជាប្អូននឹងគ្នា ដែលមានឪពុកជាមេភូមិ រស់នៅភូមិគោកគ សង្កាត់សំរោង ក្រុងសំរោង ។
ចំណែក ជនរងគ្រោះឈ្មោះទូច ចិន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង។ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងទំនើងមិនស្គាល់អត្តសញ្ញាណ១ក្រុម បានមកវាយជនដៃដល់របួសក្បាល ស្រាប់តែពេលនោះ ជនដៃដល់ទាំង២នាក់បងប្អូនបានបបួលគ្នាទៅសងសឹក ដោយយកដំបងម្នាក់១ ព្រួតវាយជនរងគ្រោះខាងលើ បណ្ដាលឲ្យរបួសក្បាល និដៃធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងយប់ ហើយពេលនោះ ជនដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់។
ប្រភពបន្តថា លុះនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៤០នាទី ក្រោយពីមានពាក្យបណ្តឹងរបស់ក្រុមគ្រួសារយុវជនរងគ្រោះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នាំមកធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។