ស្ពៃក្រញាញ់ ជាដំណាំស្លឹកដែលអាចដាំដុះបានគ្រប់រដូវ ហើយឆាប់ទទួលបានផលតែកសិករខ្មែរយើងនិយមដាំដុះច្រើន និងល្អបំផុត គឺនៅរដូវរំហើយ ចាប់ពីខែតុលា វិច្ឆិកា និងធ្នូ ។ ស្ពៃក្រញាញ់ ដែលភាគច្រើនគេយកវាទៅធ្វើម្ហូបដូចជា ឆា ស្ងោរ ឬធ្វើជាអន្លក់ស្រស់ ជាដើម ។

  ១/.ការជ្រើសរើសពូជ ៖

– ត្រូវរើសពូជដែលមានប្រវត្តិច្បាស់លាស់

– គ្រាប់ពូជ ដែលអាចដុះបានចាប់ពី៨០%ឡើងទៅ

– គ្រាប់ពូជមានសុខភាពល្អ ថ្លោសល្អ មិនស្វិត គ្មានការប្រេះស្រាំ

– ពូជលូតលាស់រយៈពេលខ្លី ស្របនឹងតំបន់ដាំដុះ

  ២/.ការរៀបចំដី ៖

ក. ការភ្ជួរ ឬកាប់

– ភ្ជួរឬកាប់ដីជម្រៅ ២ – ២,៥ តឹក

– ហាលដី ៧ – ១០ ថ្ងៃ នៅរដូវប្រាំង

– ហាលដី ១០ – ៣០ ថ្ងៃ នៅរដូវវស្សា

ខ. ការរៀបចំថ្នាលនិងរង

– ទទឹងរង ១ម៉ែត្រ បណ្តោយចំណង់ចង់បាន

– កម្ពស់ ១ – ១,៥ តឹក នៅរដូវប្រាំង

– កម្ពស់ ២ – ២,៥ តឹក នៅរដូវវស្សា

– ចន្លោះរង ២,៥ – ៣ តឹក

៣/.ការដាំដុះ ៖

ក. ការសាប

– មុនពេលសាបកូន ត្រូវរៀបចំថ្នាល ជ្រុំជ្រួយដី រាស់កៀ ឱ្យស្មើលើករងបានល្អ

– ដាក់ជីកំប៉ុស្ត ឬលាមកសត្វ ៤-៨បង្គី និងជី ១៥,១៥,១៥ ចំនួន ១០០-១៥០ក្រាម (ក្នុងដី១០ម៉ែត្របួនជ្រុង)

– ស្រោចទឹកនៅលើថ្នាលមុនពេលសាបគ្រាប់

– សាបស្តើងៗ ហើយកាត់ចំបើងខ្លីៗ គ្របពីលើរង រួចស្រោចទឹកម្តងទៀត

– ស្រោចទឹកឱ្យបាន២ដង ក្នុង១ថ្ងៃ (ព្រឹក និងល្ងាច)

ខ. ការដាំ

– នៅពេលវាមានអាយុ ១០ – ១៥ ថ្ងៃ យើងអាចដកយកវាទៅដាំបានហើយ តែមុននឹងដក ត្រូវបន្ថយការស្រោចកូនស្ពៃពី ២ – ៣ថ្ងៃ ដើម្បីឱ្យដើមវារឹង ។ ស្រោចទឹកលើថ្នាលឱ្យសើមងាយស្រួលក្នុងការដកកូន ។ ដកកូនណាដែលមានដើមធំ ស្មើគ្នា ដាក់ក្នុងកញ្ជើ ហ៊ុស្លឹកចេក ។ ត្រូវស្រោចទឹកលើរងឱ្យជោគល្អមុនពេលដាំ ។ ការដាំត្រូវដាក់ឫសមួយជំហរ កុំឱ្យច្បត់ឫសឱ្យសោះ ចន្លោះជួរពី ២-២,៥តឹក និងចន្លោះគុម្ព ២,៥តឹក ។

– ត្រូវកាត់ចំបើងខ្លីៗ គ្របតាមគល់ស្ពៃ ដើម្បីរក្សាសំណើមដីបានល្អ នៅរដូវប្រាំង ។ ស្រោចទឹកនៅលើរង ដែលដាំរួចឱ្យជោគ គ្របកូនស្ពៃពី២-៣ថ្ងៃ ដើម្បីការពារកម្តៅថ្ងៃខ្លាំង ។

៤/.ការថែទាំ ៖

ក. ការស្រោចស្រព

– ស្រោចទឹកពី៣ – ៤ដង ក្នុងមួយថ្ងៃ ក្រោយពីដាំបាន៣ – ៤ថ្ងៃដំបូង (និងនៅរដូវប្រាំង)

– នៅរដូវវស្សា ស្រោចទឹកពេលព្រឹក និងល្ងាច បើភ្លៀងខ្លាំង មានទឹកដក់តាមរង ត្រូវបង្ហូរទឹកចេញ ដើម្បីកុំឱ្យដំណាំរលួយខូច

– ៧ – ៨ថ្ងៃ ក្រោយស្ទូង ដកស្មៅចេញអាស្រ័យនឹងការដុះ ក្នុងរងផ្ទាល់ ត្រូវធ្វើដោយដៃ ឬដោយចបជីក

ខ. វិធានការការពារ

– ដាំដំណាំចម្រុះ កុំដាំដំណាំតែមួយមុខ

– ដាំស្លឹកគ្រៃ ផ្កាស្បៃរឿង ស្នោគោកតាមរបងសួនបន្លែ

– កម្ចាត់ដោយដៃពេលសត្វល្អិតតិចតួច ប្រើថ្នាំគីមីពេលសត្វល្អិតមានច្រើន ប្រើម៉ាឡាចុង ៤ ស្លាបព្រាបាយ លាយទឹក២០លីត្រ បាញ់ឱ្យសព្វល្អ (ចំពោះសត្វចៃ)

– ប្រើមេតាផុស ៣០សេសេ លាយទឹក២០លីត្រ បាញ់ឱ្យសព្វល្អ (ចំពោះដង្កូវយោងទោង)

៥/.ការប្រមូលផល ៖

– សាបផ្ទាល់ អាចប្រមូលផលពី៣០-៣៣ ថ្ងៃ

– សាបដកកូនដាំ ប្រមូលផលពី ៣៦-៤០ ថ្ងៃ។

  ស្ពៃក្រញាញ់ ជាដំណាំដែលងាយស្រួលដាំ មិនចំណាយថវិការច្រើន ហើយជាពិសេសដំណាំនេះកំពុងមានទីផ្សារចរាចរខ្ពស់លើទីផ្សារទៀតផង ដែលធ្វើអ្នកដាំមិនពិបាករកទីផ្សារក្នុងការនាំចេញ ៕