ខេត្តបាត់ដំបង ៖ នារីម្នាក់ ត្រូវអតីតសង្សារចាប់ធ្វើទារុណកម្មដោយយកកាំបិតវាយជាំពេញខ្លួន ក្រោយពីសុំនាងសាងស្នេហ៍សាជាថ្មីមិនបានដូចបំណង លុះនារីរងគ្រោះមានឱកាសរត់ចេញរួច ក៏ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ធ្វើការចាប់ខ្លួនជនដៃដល់ នាំទៅចាត់ការតាមផ្លូវច្បាប់ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង។

ជនដៃដល់ដែលសមត្ថកិច្ចធ្វើការចាប់ខ្លួននេះ មានឈ្មោះឡាច ងួនយី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ នារីរងគ្រោះ មានឈ្មោះល័ក្ខ ស្រីធំ អាយុ២៤ឆ្នាំ ។
នារីរងគ្រោះបានរៀបរាប់ឱ្យដឹងថា នាងនិងជនដៃដល់ធ្លាប់ជាសង្សារនឹងគ្នា តែបានផ្តាច់ចំណងស្នេហ៍ទៅវិញមួយរយៈមកហើយ ព្រោះតែនាងមិនអាចយកមនុស្សប្រុសបែបនេះធ្វើជាគូអនាគតបាន។

មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ជនសង្ស័យជាអតីតសង្សារ បានមកបបូលនាងពីកន្លែងនាងធ្វើការងារ ដោយបង្ខំឲ្យនាងជិះម៉ូតូទៅជាមួយ ដើម្បីចរចាសុំរួមមេត្រីជាមួយគ្នាវិញ ក្រោយពីបានបែកបាក់គ្នាមួយរយ:កន្លងមក ។

ហើយជនសង្ស័យបានឌុបនាងទៅទុកនៅក្នុងបន្ទប់ជួលខាងលើ រួចបានទាញកាំបិតប្រវែងកន្លះម៉ែត្រ មកវាយដំលើនាងបណ្ដាលឲ្យរងរបួសជាំពេញខ្លួន ដោយសារតែខឹងនាងមិនព្រមរួមរស់ជាមួយវិញ ។ លុះនៅថ្ងៃទី១៦ ខែកក្កដា ទើបនាងមានឱកាសរត់ចេញពីក្រញាំជនដៃដល់បាន និងធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។


លោកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ក្រោយពីទទូលបណ្ដឹងនារីរងគ្រោះ លោកស្នងការខេត្តក៏បញ្ជាឲ្យកម្លាំងរបស់ចុះអន្តរាគមន៏ឃាត់ខ្លួនជនសង្ស័យនាំមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕