ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៉ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​ថ្លែង​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង តាម​ស្វែងរក​ជនសង្ស័យ​ពាក់ព័ន្ធ​ចំនួន​៩​នាក់​ទៀត​កំពុង​គេចខ្លួន ខណៈ​ដែល​ឈើ​ខុសច្បាប់​ចំនួន​១៧០០​ម៉ែត្រគូប ត្រូវ​បង្ក្រាប​បាន ។

ការ​លើក​ឡើង​របស់​លោក អេ​ង ហ៊ី ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ស​ប្តា​ហ៍ ស្តី​ពី «​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​» រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នេះ ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ បាន​បញ្ជាក់​ថា យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្តមណ្ឌលគិរី ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ គណៈកម្មការ​ជាតិ បាន​រឹបអូស​ឡាន​ដឹកឈើ​ជាង​៤០​គ្រឿង ជនល្មើស​៤​នាក់ ត្រូវ​បាន​ចាប់ខ្លួន ហើយ​តុលាការ បាន​ចោទប្រកាន់ និង​សម្រេច​ឃុំខ្លួន នៅ​ពន្ធនាគារ ។ ក្នុង​នោះ បុគ្គល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ មាន ៩​នាក់ ហើយ​កំពុង​គេចខ្លួន ដែល​តុលាការខេត្ត​មណ្ឌលគិរី បាន​ចេញ​ដីកា​តាម​ចាប់ខ្លួន ក្នុង​នោះ​មាន​មនុស្ស​៣​នាក់ ក៏​ត្រូវ​បាន​តុលាការ ចេញ​ដីកា​កោះហៅ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី មាន​ក្រុមហ៊ុន​ចំនួន​៦ ជាប់​ពាក់ព័ន្ធ លោក​លែង​ក្រុមហ៊ុន លឹ​ម រ៉ូ​យ៉ា​ល់ មិន​ពាក់ព័ន្ធ​ទេ ។

ទន្ទឹម​នឹង​ការ​ចាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ កម្លាំង​ជំនាញ​ក៏​បាន​បំផ្លាញ​រថយន្ត​មណ្ឌលគិរី ចំនួន ២១​គ្រឿង នៅ​ខេត្តរតនគិរី ចំនួន ២​គ្រឿង និង​នៅ​ខេត្តស្ទឹងត្រែង មាន ៦​គ្រឿង ។ ចំពោះ​រថយន្ត​ដឹកឈើ​នៅ​ក្នុង​ព្រៃឈើ មាន​ប្រើ​ម្ស៉ៅ TNT បំផ្ទុះ​កម្ទេច​ឡាន​ទាំងនោះ នៅ​ក្នុង​ព្រៃ ហើយ​ឡាន​ឡង់​គ្រឹ​ស័​រ ២​គ្រឿង នៅ​ខេត្តរតនគិរី និង​នៅ​ខេត្តស្ទឹងត្រែង គឺ​មន្ត្រី​ជំនាញ ដុត​បំផ្លាញ​តែ​ម្តង ៕