រាជធានី​ភ្នំពេញ ៖ លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​កំសាន្ត​មួយ​កន្លែង ដែល​មាន​បង្កប់​ទូរ​ហ្គេ​ម​បាញ់​ត្រី ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៣​នាក់ នាំ​យក​មក​សាកសួរ ។

ការ​ចុះ​បង្ក្រាប​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​ក​ក្ដ​ដា​នេះ នៅ​ម​ជ្ឍ​មណ្ឌល​កំសាន្ត​«​ដាយ​មិន​ខាត​ធូ​ន វើ​ល​» ដែល​មាន​ទីតាំង ក្នុង​តំបន់​កោះ​ពេជ្រ ភូមិ​១៤ សង្កាត់​ទន្លេបាសាក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

លោក​ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន បានអោយ​ដឹង​ថា ចាប់ពី​ពេល​នេះ​ទៅ ក្នុង​នាម​ជា​អាជ្ញាធរ​ខណ្ឌ និង​មាន​វិធានការ​ក្ដៅ ក្នុង​ការ​ចុះ​បង្ក្រាប​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​ជនខិលខូច​មួយ​ចំនួនមក​លួចលាក់ បើក​លេងល្បែង​ស៊ីសង ដែល​ជា​អំពើ​ខុសច្បាប់ ។ ចំពោះ​ការងារ​នេះ​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌចំការមន បន្ត​ចុះ​បង្ក្រាប​ដោយ​ធ្វើការ​បោសសម្អាត​ជា​បន្តបន្ទាប់ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ថា មាន​គេ​លួច​បើក​លេងល្បែង​ស៊ីសង ក្នុង​មូលដ្ឋាន​ចំការមន​ដោយ​គ្មាន​ការ​លើកលែង​ឡើយ ។

គួរ​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ខាងលើ​នេះ ក្រៅពី​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៣​នាក់ អាជ្ញាធរ​ក៏​បាន​ធ្វើការ​ដកហូតទូរ​ហ្គេ​ម​បាញ់​ត្រី ចំនួន​០៩​ទូរ ដើម្បី​ធ្វើការ​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​ផង​ដែរ ៕