ភ្នំពេញ៖ ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត រ៉ក់ (ROCK) ដែលជាប់ចោទពីបទសម្រួលឲ្យមានការប្រើប្រាស់គ្រឿងញៀននោះ បានចេញពីពន្ធនាគារភ្នំពេញ (PJ) មកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី អស់រយៈជិត ៤ខែហើយ មិនទាន់ត្រូវបានបញ្ជូនទៅឃុំឃាំងនៅក្នុងពន្ធនាគារភ្នំពេញ (PJ) វិញទេ ។ មន្ត្រីពន្ធនាគារថា ករណីនេះ គឺដោយសារតែខាងមន្ទីរពេទ្យរុស្ស៊ី មិនចេញលិខិតបញ្ជាក់ពីស្ថានភាពជំងឺ និងលិខិតអនុញ្ញាតឲ្យនាំខ្លួនជនជាប់ចោទទៅឃុំក្នុងពន្ធនាគារវិញ។


លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាប់ចោទលោកឧកញ៉ា គិតធាង មិនទាន់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារភ្នំពេញ (PJ) វិញនៅឡើយទេ ដោយសារតែលោកបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។
លោក នុត សាវនា បញ្ជាក់ថា កន្លងមក លោក គិត ធាង មានជំងឺថប់ដង្ហើម ហើយស្ថានភាពជំងឺរបស់លោក បានធូរស្រាលហើយ ប៉ុន្តែ លោកមិនដឹងយ៉ាងម៉េចនោះទេ ទើបខាងមន្ទីរពេទ្យ មិនព្រមចេញលិខិតបញ្ជាក់ពីស្ថានភាពជំងឺ និង ចេញលិខិតអនុញ្ញាតឲ្យនាំខ្លួនលោកទៅឃុំនៅក្នុងពន្ធនាគារវិញទាល់តែសោះ ហើយថា ខាងពន្ធនាគារ មិនមានសិទ្ធិនាំខ្លួនឧកញ៉ា គិត ធាង ចូលពន្ធនាគារវិញនោះទេ ប្រសិនបើខាងមន្ទីរពេទ្យមិនចេញលិខិតអនុញ្ញាត។


ឧកញ៉ា គិត ធាង ត្រូវបានបញ្ជូនចេញពីពន្ធនាគារទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីតាំងពីថ្ងៃទី១ខែមេសា ក្រោមហេតុផលថា មានជំងឺសួត និងស្ទះដង្ហើម បន្ទាប់ពីជាប់ឃុំក្នុងពន្ធនា គារស្នងការរាជធានីភ្នំពេញ ឬហៅថា ពន្ធនាគារ ប៉េហ្ស៊ី (PJ) រយៈពេលប្រមាណកន្លះខែប៉ុណ្ណោះ។លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកអនុញ្ញាតឲ្យលោក គិត ធាង ចេញ ទៅព្យាបាលជំងឺនៅក្រៅពន្ធនាគារតាមការស្នើសុំរបស់មេធាវីការពារក្តីឲ្យលោក គិត ធាង ។


កន្លងមក បុគ្គលិកពេទ្យរុស្ស៊ី បានបង្ហើបឲ្យដឹងថា អាការៈជំងឺលោក គិត ធាង បានធូរស្រាលជាយូរមកហើយ ដោយមិនចាំបាច់ចាក់ថ្នាំ ឬឱ្យថ្នាំលេបនោះទេ ប៉ុន្តែលោក គិត ធាង មិនព្រមត្រឡប់ទៅវិញ។ លោក គិត ធាង ដេកព្យាបាលនៅបន្ទប់ពិសេសមួយ ដោយមានម៉ាស៊ីនត្រជាក់ទូទឹកកក មានម៉ាស៊ីន ហាត់ប្រាណ ម៉ាស៊ីន ចម្អិនអាហារ ម៉ាស៊ីន ក្រឡុកផ្លែឈើ ទូរទស្សន៍ និងប្រើទូរស័ព្ទមានអ៊ីនធឹណិតថែមទៀតផង។ ជាពិសេសបន្ទប់នោះ គឺមិនអនុញ្ញាតឱ្យអ្នកណាចេញចូលឡើយសូម្បីអនុរក្សពន្ធនាគារ ក្រៅតែពីគ្រួសារឬប្រពន្ធរបស់លោក។


ករណីនេះ មន្ត្រីសិទ្ធិមនុស្ស យល់ថា អាចមានអំពើពុករលួយជាប្រព័ន្ធ ព្រោះអ្នកទោសធម្មតា មិនងាយទទួលបានសិទ្ធិពិសេស ទៅដេកព្យាបាលជំងឺក្រៅពន្ធនាគារ បែបនេះទេ។
លោក គិត ធាង ត្រូវចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យឃុំខ្លួននៅពន្ធនាគារ ប៉េហ្ស៊ី (PJ) កាលពីថ្ងៃទី១២ ខែមីនា ក្រោយចោទប្រកាន់ពីបទចាត់ចែងសម្រួលឱ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិតតាមមាត្រា៤២ និង៤៤ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននិងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ៕