រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក RAV4 គោលបំណង​យក​អីវ៉ាន់​ទៅ​ផ្ញើ​នៅ​ទល់មុខ​វិទ្យាល័យ​បាក់​ទូក ខណៈ​ចុះ​ពីលើ​រថយន្ត មិន​បាន​ដក​សោរ ព្រមទាំង​មិន​ពន្លត់​ម៉ាស៊ីន​ថែម​ទៀត ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ ឃើញ​ឱកាសល្អ ក៏​លួច​ចូល​បើករថយន្ត ចេញ​ទៅ​បាត់

បង្ក​ការ​ភ្ញាក់ផ្អើល​សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ក្រុងភ្នំពេញ ។

បុរស​ម្ចាស់​រថយន្ត មានឈ្មោះ ជៀប ច​ន្ថា អាយុ​៤៤​ឆ្នាំ មានមុខ​របប​អ្នក​បើករថយន្ត ស្នាក់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ បុរស​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​បាន​បើករថយន្ត​ម៉ាក RAV4 ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP 7017 ក្នុង​គោលបំណង​យក​អីវ៉ាន់​ទៅ​ផ្ញើ​នៅ​ទល់មុខ​វិទ្យាល័យ​បាក់​ទូក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ប៉ុន្តែ​ដោយសារ​តែ​រថយន្ត​របស់​គាត់​មាន​ភ្ជាប់​ប្រព័ន្ធ GPS ទើប​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ចំណុច​គល់​ស្ពាន​អាកាស​៥​មក​រា ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ក៏​រក​ឃើញ​រថយន្ត​ដែល​ជនសង្ស័យ​ប្លុង​ទុក​ចោល ក្នុងផ្ទះ​ចាស់​មួយ​កន្លែង ដែល​គេ​ទុក​ចោល ចំណែក​ជនសង្ស័យ បាន​គេចខ្លួន​បាត់ ។

ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​យក​រថយន្ត និង​ម្ចាស់​ទៅ​ធ្វើ​ឯកសារ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​ប្រគល់​រថយន្ត​ឲ្យ​ទៅ​ម្ចាស់​វិញ ៕