ភ្នំពេញ៖ ជនសង្ស័យមួយក្រុមដើរលួចម៉ូតូប្រជាពលរដ្ឋមិនបាន ចូលលួចម៉ូតូសមត្ថកិច្ចដែលទើបមកពីល្បាត តែសំណាងល្អ សមត្ថកិច្ចដេញឃាត់បានភ្លាម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២នឹង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នៅ ប៉ុស្តិ៍នគរបាល រដ្ឋបាលកាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ខាន់ វីរៈ ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរ ដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុក បាភ្នំ ខេត្តព្រៃវែង។

ជនរងគ្រោះជា មន្ត្រីនគបាល ឈ្មោះ អឿន សារ៉ុម ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមន្ត្រីនគរ
បាលប៉ុស្តិ៍កាកាបទី២ រស់នៅ ភូមិ ព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោរាជធានីភ្នំពេញ ។
ម៉ូតូដែលជនសង្ស័យលួចម៉ាកឌ្រីម សង់ពណ៌ខ្មៅពាក់ស្លាកលេខ កំពត 1D-0450 ។
តាមប្រភពព័ត៌មានពី ជនរងគ្រោះជាមន្ត្រីនគរបាលប៉ុស្តិ៍ កាកាបទី២បានឲ្យដឹងថា នៅមុនពេលកើតហេតុ កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី២ បានចេញល្បាត មាន២ម៉ូតូ និងគ្នា៤នាក់ លុះបន្ទាប់មក នៅវេលាម៉ោង១២រំលងអាធ្រាត្រ ជនរងគ្រោះ ២នាក់ បានជិះម៉ូតូមកប៉ុស្តិ៍មុន ដោយកំពុងចូលបន្ទប់ទឹក ដើម្បីងូតទឹក ក៏ស្រាប់តែជនសង្ស័យ មានគ្នា៥នាក់ និងជិះម៉ូតូ២គ្រឿង បានចូលមកធ្វើសកម្មភាព ដោយឲ្យជនសង្ស័យម្នាក់ខាងលើ ចូលលួចម៉ូតូ សមត្ថកិច្ចដែលទុកនៅមុខប៉ុស្តិ៍ ហើយបាន បណ្តើរចេញប្រមាណ៥០០ម៉ែត្រ ទើបសមត្ថកិច្ច ដែលទើបចេញមកពីបន្ទប់ទឹក ស្លន់ស្លោព្រោះមិនបានឃើញ ម៉ូតូរបស់ខ្លួន ហើយបានហៅកំលាំនគរបាល២នាក់ទៀត ដេញឃាត់បានម្នាក់ភ្លាមៗផងដែរ ដោយឃើញជនសង្ស័យកំពុងបណ្ដើរម៉ូតូ ព្រោះមានកុងតាក់សំងាត់ ជនសង្ស័យ ជិះមិនកើត ស្មានថាអស់សាំង ចំណែកជនសង្ស័យ៤នាក់ទៀត បានបើកគេចខ្លួនបាត់។


ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធី ៕