ការដាំដុះឪឡឹកក្នុងផើង វាមានភាពងាយស្រួលក្នុងការថែទាំ ស្រោចស្រពដាក់បំប៉នជីជាដើម ពិសេសគឺជួយផ្តល់ផ្លែធំធាត់ និងមានរសជាតិផ្អែមឆ្ងាញ់ ។ ខាងក្រោមនេះ ជាវីធីសាស្ត្រក្នុងការរៀបចំដាំដុះក្នុងផើង ថែទាំ និងវិធីមើលផ្លែឪឡឹកដែលមានរសជាតិផ្អែមឆ្ងាញ់ និងទុំល្អ៕
១/.ការរៀបចំដាំដុះ ៖

  • រៀបចំផើងសម្រាប់ដាំដុះ ដែលមានជម្រៅជ្រៅល្មម។ ជាទូទៅអ្នកគួរជ្រើសរើសផើងដែលមានជម្រៅប្រមាណកន្លះម៉ែត្រ ឬ៦០សង់ទីម៉ែត្រ ។
  • គ្រាប់ពូជឪឡឹកដែលមានរសជាតិផ្អែមឆ្ងាញ់ ទៅតាមចំណង់ចំណូលចិត្តអ្នក ។
  • ដីដាំដុះដែលមានជីជាតិគ្រប់គ្រាន់ ជាទូទៅប្រភេទដីខ្សាច់ និងដីមានជីជាតិជាដីមានលាយជីកំប៉ុស្តជាដើម គឺសមរម្យសម្រាប់ការរីកលូតលាស់នៃឪឡឹក។ អ្នកគួរតែចៀសវាងដីឥដ្ឋ ដែលពិបាកធ្វើឱ្យឪឡឹកចាក់ឫស។ ដីធូរមានខ្យល់អាកាសចេញចូលគឺល្អសម្រាប់ការលូតលាស់របស់រុក្ខជាតិ ។
  • ជីលាមកសត្វគោ ទន្សាយ ឬសេះ ល្អប្រសើរបំផុតសម្រាប់ដី និងសម្រាប់ផ្តល់សារធាតុចិញ្ចឹមដល់រុក្ខជាតិ ។

២/.ការដាំដុះ ៖

  • ចាក់ដីកំប៉ុស្តចូលក្នុងផើងឱ្យពេញល្មម ហើយស្រោចទឹកពីលើឱ្យជោគ
  • យកគ្រាប់ពូជឪឡឹក មកព្រោះនៅនឹងដីក្នុងផើងផ្ទាល់ ពី ៣ ទៅ៤គ្រាប់ និងរោយដីកប់ពីលើថើៗរួចស្រោចទឹកពីលើ
  • ក្នុងរយៈពេលពី ៦ ទៅ១០ថ្ងៃ គ្រាប់ពូជនឹងលូតលាស់
  • នៅពេលឪឡឹកលូតលាស់ហើយ អ្នកអាចរកកម្ទេចចំបើងមកគ្របនៅនឹងគល់ឪឡឹកដើម្បីរក្សាសំណើមដី

៣/.ការថែទាំ ៖

  • រក្សាទុកផើងដំណាំឪឡឹកនៅទីតាំងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ ឪឡឹកអាចលូតលាស់បានក្នុងសីតុណ្ហភាពពី ១០ ទៅ ៣៥អង្សារ ចំណែកឯសីតុណ្ហភាពល្អបំផុតសម្រាប់ឪឡឹក គឺពី ១៨ ទៅ ៣០អង្សារ ។
  • ត្រូវស្រោចទឹកមួយថ្ងៃពីរដង ព្រឹក និងល្ងាច (ឪឡឹកជារុក្ខជាតិ ត្រូវការទឹកច្រើន ដូច្នេះអ្នកត្រូវរក្សាសំណើមដីជាប្រចាំ ប៉ុន្តែកុំឱ្យសើមទឹកជោគជាំពេក)។
  • ត្រូវប្រាកដថាពុំមានទឹកដក់ជាប់នៅបាតផើងរបស់អ្នក ។
  • នៅពេលផ្លែចាប់ផ្តើមចាស់ ទុំត្រូវកាត់បន្ថយការស្រោចទឹក (អំឡុងពេលនេះអ្នកត្រូវប្រុងប្រយ័ត្ន ចៀសវាងស្រោចទឹកច្រើនលើសលប់ និងដក់ទឹកនៅបាតក្រោមដែលងាយធ្វើឱ្យផ្លែសាបបាត់បង់រសជាតិផ្អែម)
  • ដាក់ជីបំប៉នដើមជាប្រភេទជីកំប៉ុស្ត ឬជីលាមសត្វនៅពេលឪឡឹកចេញផ្កា និងផ្លែ ។

៤/.ការប្រមូលផល ៖

  • រយៈពេលប្រមូលផលគឺអាស្រ័យលើអាកាសធាតុរដូវដាំដុះ និងប្រភេទពូជដំណាំ ។
  • ជាទូទៅ ឪឡឹកនឹងចាប់ផ្តើមឱ្យផលចាប់ពី ៨០ ទៅ៩០ថ្ងៃ ឬក្រោយពេលព្រោះគ្រាប់ពូជពី ៣០ ទៅ៥០ថ្ងៃ បន្ទាប់ពីចេញផ្កា ។ *វិធីមើលឪឡឹកនិងសម្គាល់ល្អ ឬមិនល្អ ៖
  • ផ្លែទុំ ពុំមានលក្ខណៈពិសេសណាឱ្យយើងចំណាំទេ ក្លិននិងពណ៌របស់ឪឡឹកក៏ពុំមានអ្វីផ្លាស់ប្តូរកើតឡើងច្រើនដែរ ។
    វិធីទីមួយ៖ អ្នកអាចយកម្រាមដៃគោះផ្លែឪឡឹក បើសិនជាសំឡេងដូចជាប្រហោងៗនោះមានន័យថាឪឡឹករបស់អ្នកទុំហើយ ។
    វិធីទីពីរ ៖ អ្នកអាចពិនិត្យមើលលើទងឪឡឹកទងតូចស្ងួត នោះមានន័យថាឪឡឹកទុំល្អផ្ទុយទៅវិញបើទងឪឡឹកត្រង់ និងមានរោមនោះបញ្ជាក់ថាឪឡឹកនោះមិនទាន់ទុំល្អឡើយ ។
    វិធីទីបី ៖ ពិនិត្យមើលលើទម្ងន់របស់ឪឡឹកបើទម្ងន់ឪឡឹកធ្ងន់ នោះមានន័យថាវាមានសាច់ណែនល្អ ផ្ទុយទៅវិញបើឪឡឹកមានទម្ងន់ស្រាលនោះមានន័យថាសាច់របស់វាផុសៗមិនឆ្ងាញ់ ។
    វិធីទីបួន ៖ ពិនិត្យមើលលើចំណុចលឿងនៅលើផ្លែសំបកឪឡឹក បើកាលណាចំណុចនៃពណ៌លឿងនេះ កាន់តែមានពណ៌លឿងខ្លាំង ឬទឹកក្រូចខ្លាំងនោះមានន័យថាឪឡឹកទុំហើយ ។
    វិធីទីប្រាំ ៖ មើលលើក្រឡាសំណាញ់ពណ៌ត្នោតលើសំបកឪឡឹក បើកាលណាសំណាញ់នេះមានកាន់តែច្រើន នោះមានន័យថាឪឡឹកនោះកាន់តែផ្អែម ។
    វិធីទីប្រាំមួយ ៖ ឪឡឹកមានញី និងឈ្មោល ឪឡឹកឈ្មោលមានរាងធំហើយទ្រវែង និងមានទឹកច្រើន ឪឡឹកញីមានរាងមូលនិងមានរសជាតិផ្អែម ។
    គួរបញ្ចាក់ដែលថា ឪឡឹកគឺជាដំណាំដែលទីផ្សារកំពុងតែមានតម្រូវ ហើយបច្ចេទេសនេះពិតជាមានប្រយោជន៏ដល់ការបង្កបង្កើនផលដល់បងប្អូនទាំងអស់គ្នា ៕