ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ បាន​ឲ្យ​ដឹង​ថា កាក​សំណល់​សំរាម​ប្លា​ស្ទិ​ក​៨៣​កុង​ទឺ​ន័​រ ដែល​នាំ​មក​ពី​បរទេស ត្រូវ​បង្ក្រាប​បាន​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​នោះ មាន​ទម្ងន់​ប្រមាណ​១,៦០០​តោន គឺ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កា​ណា​ដា ។

ឆ្លើយ​តប​នឹង​បញ្ហា​លួច​នាំ​កាក​សំណល់​សំរាម​ប្លា​ស្ទិ​ក ចូល​ទឹកដី​កម្ពុជា​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ហ្វ្រេ​ស​ញ៉ូ​វ​ថា «​កាក​សំណល់​ខុសច្បាប់​ទាំងនេះ មាន​ប្រភព​នាំ​ចូល​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កា​ណា​ដា ដែល​មាន​ទម្ងន់​រហូត​ដល់​១,៦០០​តោន និង​ត្រៀម​ឲ្យ​បញ្ជូន​ទៅ​កាន់​ប្រទេស​ដើម​វិញ​» ។

លោក នេត្រ ភក្ត្រា អះអាង​យ៉ាង​ដូច្នេះ​ថា «​តាម​ទិន្នន័យបឋម​ដែល​ទទួល​បាន​ពី​សមត្ថកិច្ច​ស៊ើបអង្កេត សំណល់​ប្លា​ស្ទិ​ក​ទាំង​៨៣​កុង​ទឺ​ន័​រ ដែល​ជា​ទំនិញ​ហាមឃាត់ ត្រូវ​បាន​សមត្ថកិច្ច បង្ក្រាប​បាន​នៅ​កំពង់​ផែ​ស្វយ័ត​ព្រះ​សីហ​នុ មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កា​ណា​ដា មាន​ទម្ងន់​ប្រមាណ​១,៦០០​តោន ។ សមត្ថកិច្ច​កិច្ច​បាន​និង​កំពុង​រៀបចំ​ដំណើរការ​នីតិវិធី ដើម្បី​បញ្ជូន​ទៅ​ប្រភព​ដើម​វិញ និង​ធ្វើការ​ផាកពិន័យ​លើ​ក្រុមហ៊ុន ដែល​នាំ​ចូល​មក​នោះ​តាម​ច្បាប់​ជា​ធរមាន​» ។

អ្នកនាំពាក្យ​ដដែល​លោក​បន្ត​ថា «​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​និង​កំពុង​បន្ត​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ​មានការ​នាំ​ចូល​សំណល់​ប្លា​ស្ទិ​ក​នេះ ដែល​ជា​ទំនិញ​ត្រូវ​ហាមឃាត់​នេះ មក​កាន់​ប្រទេស​កម្ពុជា ។ សមត្ថកិច្ច​ក៏​បាន​និង​កំពុង​ស៊ើបអង្កេត​ស្វែងរក​ក្រុមហ៊ុន​ដែល​លួច​នាំ ចូល​នូវ​កាក​សំណល់​ប្លា​ស្ទិ​ក​នេះ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​» ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា ការ​លួច​នាំ​ចូល​ទំនិញ​ហាមឃាត់​កាក​សំណល់​សំរាម​ប្លា​ស្ទិ​ក ត្រូវ​បាន​គេ​ក្លែង​ឈ្មោះ​ទំនិញ​ដោយ​ដាក់​ថា ជា​«​ផលិតផល​សម្រាប់​កែ​ច្នៃ​ឡើង​វិញ​» ដោយ​មិន​បាន​បញ្ជាក់​ថា​ជា «​សំណល់​ប្លា​ស្ទិ​ក​» នោះ​ឡើយ ។

សូម​រម្លឹក​ថា ឆែក​កុងតឺន័រ​៨៣​ទូ នាំ​មក​ពី​បរទេស ផ្ទុក​ដោយ​កាក​សំណល់​ប្លា​ស្ទិ​ក នៅ​ខេត្ត​ព្រះ​សីហ​នុ