ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក​ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​មន្ត្រី​រដ្ឋបាល​ទាំង​ព្រៃឈើ ចំនួន​៣​រូប ត្រូវ​បង្ហាញខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី អោយ​បាន​មុន​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩​នេះ ស្រប​ពេល​មានព័ត៌មានផ្តលមកថា មេព្រៃទាំង​៣​នាក់​នេះ​កំពុង​រត់គេច​ខ្លួន ។

ដីកា​បញ្ជា​របស់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ក៏​បាន​បើកផ្លូវ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទាំង​៣​រូប​នេះ​ផង​ដែរ ប្រសិនបើ​ប្រទះ​ឃើញ​រូបគេ​នៅ​ទីណា​នោះ ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទាំង​៣​រូប ដែល​កំពុង​រត់គេច​ខ្លួន​នេះ​រួម​មាន ៖ លោក លឿង ភិ​រុណ អាយុ​៥៥​ឆ្នាំ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​សង្គម មាន​ទីលំនៅ​ក្នុងភូមិ​ដំណាំ​កិន ឃុំ​ដើម​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ លោក ហ៊ុន វ​ណ្ណេ អាយុ​៥០​ឆ្នាំ នាយ​សង្កាត់​រដ្ឋបាល​ព្រ​ឈើរ​យ៉ មាន​ទីលំនៅ​ក្នុងភូមិ​ស្មៅ​ខ្ចី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។ និង​លោក គង់ វិ​រៈ អាយុ​៤៦​ឆ្នាំ ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក មាន​ទីលំនៅ​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នេះ ដើម្បី​សាកសួរ​ទៅ​លើ​ករណី ៖ ផ្តល់​ការ​អនុញ្ញាត​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​, អនុគ្រោះ​ចំពោះ​បទល្មើស​ព្រៃឈើ​, មិន​រាយការណ៍ ឬ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ចំពោះ​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ដែល​បាន​កើត​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​ទាន់​ពេលវេលា​, ធ្វេសប្រហែស​ដោយ​ចេតនា​ក្នុង​ការ​បំពេញភារកិច្ច ឬ​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​បន្លំ​ជា​លាយលក្ខណ៍អក្សរ​ដែល​ជា​មូលហេតុ​បង្ក​ឱ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ។

សូម​រម្លឹក​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តមណ្ឌលគិរី​នេះ ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​កម្លាំង​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ។

ការ​បង្ក្រាប​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ​នេះ គឺ​ចាប់ខ្លួន​មនុស្ស ០៤​នាក់ ក្នុង​នោះ​មាន​ឧកញ៉ា ស៊ឹង សំ​អុល ប្រធាន​ក្រុមហ៊ុន មេការ ០២​នាក់ និង​អ្នក​បើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​វត្ថុ​តាង​ដឹក​បទល្មើស​ព្រៃឈើ​ជាង ៤០​គ្រឿង​ផង​ដែរ ៕