រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ អង្គភាព​គយ និង​រដ្ឋាករ​កម្ពុជា បាន​នឹង​កំពុង​រៀបចំ​នីតិវិធី​ច្បាប់ ដើម្បី​បញ្ជូន​កាក​សំណល់​សំរាម​ប្លា​ស្ទីក ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ និង​ធ្វើការ​ផាកពិន័យ​លើ​ក្រុមហ៊ុន​ដែល​នាំ​ចូល​មក​កម្ពុជា ទៅ​តាម​ច្បាប់​ជា​ធរមាន ។ ជាមួយគ្នានោះ ក្រសួងបរិស្ថាន និង​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត ដើម្បី​ស្វែងរក​ប្រភព និង​ឫសគល់​ដែល​នាំ​ឲ្យ​មានការ​នាំ​ចូល​សំណល់​សំរាមនេះ​មក​កាន់​ប្រទេស​កម្ពុជា ។

សូម​រម្លឹក​ថា កុង​ទឺ​ន័​រ​ចំនួន​៨៣​ទូរ ដែល​មាន​ផ្ទុក​កាក​សំណល់​សំរាមពេញៗនាំ​ចូល​ពី​បរទេស ត្រូវ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ប្រតិបត្តិការគាស់​ទូរ​កុង​ទឺ​ន័​រទាំង​អស់នោះ ដើម្បី​ពិនិត្យ​ជាក់ស្ដែង ​នៅ​ក្នុង​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ ។

ការ​គាស់​ទូរ​កុង​ទឺ​ន័​រឆែកទាំង​អស់នេះ ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​ខេត្ត​ព្រះ​សីហ​នុ ឯកឧត្តម លូ គឹ​ម​ឈុ​ន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ព្រះ​សីហ​នុ ។

មន្ដ្រី​គយ​ដែល​ចូលរួម​ប្រតិបត្តិការ​នេះ បាន​បង្ហើប​ថា មូលហេតុ​ដែល​កាក​សំណល់​សំរាម​ប្លា​ស្ទីក​នេះ អាច​នាំ​ចូល​កម្ពុជា​បាន ព្រោះតែ​ប្រទេស​ប្រភព​ដើម បាន​ក្លែងបន្លំ​ឯកសារ​នាំ​ចូល ដោយ​មិន​បញ្ជាក់​ប្រភេទ​ទំនិញ​ច្បាស់លាស់ ពោល​គ្រាន់តែ​សរសេរ​ថា ប្រភេទ​ទំនិញ​កែ​ច្នៃ ។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​ឆែក​រក​ឃើញ​កាក់​សំណល់​ចូល​ប្រទេស​កម្ពុជា​នេះ កាលពី​ថ្ងៃ​សុក្រ​ទី​១២ កក្កដា ២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ក្នុងអំឡុងពេល​កិច្ចប្រជុំ​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ថា «ស្ថាប័ន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​តែ​ប្រុង​ប្រយ័ត្ន និង​ហាមឃាត់​ការ​នាំ​ចូល​កាក​សំណល់​ពី​បរទេស» ។

សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​យ៉ាងដូច្នេះថា «​កុំ​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​បែប​នេះ ។ ខ្ញុំ​ចាំ​ថា កាលពីមុន​មាន​គេ​បាន​មក​រក​យើង ហើយ​ស្នើ​ឲ្យ​កម្ពុជា​ដុត​កាក​សំណល់ ដើម្បី​ផលិត​ថាមពល​អគ្គិសនី ។ ពួក​គេ​ចង់​នាំ​ចូល​កាក​សំណល់​ពី​បរទេស​» ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ថែម​​ថា «មន្ត្រី​ត្រូវ​គោរព​តាម​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ។ ខ្ញុំ​ព្រមាន​អ្នក​ទាំងអស់​គ្នា​នៅ​ទី​នេះ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​វិនិយោគ​បែប​នេះ​នៅ​កម្ពុជា​ទេ ពីព្រោះ​ពួក​គេ​កំពុង​ស្វែងរក​ការ​នាំ​ចូល​កាក​សំណល់​ពី​បរទេស ។ ហើយ​ពួក​គេ​នឹង​និយាយ​ថា ពួក​គេ​ចង់​យក​កម្ពុជា​ជា​ប្រទេស​ចាប់ផ្ដើម​ប្រើ​សំរាម​ដំបូង​គេ ។ ប៉ុន្តែ​គោលបំណង​របស់​ពួក​គេ គឺ​នាំ​ចូល​កាក​សំណល់​ពី​បរទេស ហើយ​ចាក់ចោល​នៅ​កម្ពុជា​។ ដូច្នេះ​យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​វិនិយោគ​បែប​នេះ​ទេ ។ កម្ពុជា​មិនមែន​ជា​កន្លែង​ចាក់សំរាម​ឧស្សាហកម្ម​ទេ» ​។

ក្រោយ​ពី​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ម្សិលមិញនេះ ​កម្លាំង​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ប្រតិបត្តិការ​គាស់​ទូរ​កុង​ទឺ​ន័​រ​ចំនួន​៨៣ ដើម្បី​ពិនិត្យ​ឆែកមើល​ជាក់ស្ដែង​នៅ​ក្នុង​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ទើប​រក​ឃើញ ផ្ទុក​ពេញ​ទៅ​ដោយ​កាក​សំណល់​សំរាម​ប្លា​ស្ទីក​តែ​ម្ដង ។

ប្រទេស​កម្ពុជាអាចក្លាយជា​ប្រទេស​រង​គ្រោះ​មួយទៀត​ហើយក្នុង​តំបន់​អាស៊ី​ ដែល​មាន​ការ​នាំ​ចូល​សំរាម​ដោយ​ខុសច្បាប់​ ពី​ក្រៅប្រទេស ។

ដោយឡែក យោង​តាម​កាសែត The Guardian បាន​ឲ្យ​ដឹង​ថា ការ​ហាមឃាត់​របស់​ប្រទេស​ចិន លើ​នាំ​ចូល​កាក​សំណល់​មក​ពី​បរទេសខ្លួន កាលពី​ឆ្នាំ​២០១៨ បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អភិ​វ​ឌ្ឈ​ន៍ ខិតខំ​ប្រឹងប្រែង​រក​កន្លែង​ថ្មី ដើម្បី​ចាក់សំរាម ។

កាសែត The Guardian បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ”​កាក​សំណល់​មាន​បរិមាណ​ដ៏​ច្រើន​សម្បើម បាន​ប្តូរ​ទិស​ទៅ​រក​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ការ​ប្រឆាំង​នឹង​គ្រប់គ្រង​ការ​នាំ​ចេញ​កាក​សំណល់ កំពុង​តែ​កើនឡើង​ផង​ដែរ នៅ​ក្នុង​តំបន់​នេះ​” ។ របាយការណ៍​នេះ បាន​បន្ថែម​ទៀត​ថា បណ្តា​ប្រទេស​ដទៃ​ទៀត​ នៅ​អាស៊ី​ដូច​ជា ឥណ្ឌូ​ណេ​ស៊ី ហ្វី​លី​ពី​ន និង​ម៉ា​ឡេ​ស៊ី ក៏​បាន​បញ្ជូន​កុង​ទី​ន័​រដែ​ល​ពេញ​ដោយ​សំរាម ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កា​ណា​ដា បារាំង និង​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត ​វិញ​ផង​ដែរ ។

គួរ​ជម្រាបបន្តទៀត​​ផង​ដែរ​ថា អំឡុង​ខែឧសភា ​២០១៩ ម៉ា​ឡេ​ស៊ី​នឹង​បញ្ជូន​សំរាម​ប្លា​ស្ទិ​ច​ប្រមាណ៣,០០០​តោន ត្រឡប់​ទៅ​កាន់​បណ្តា​ប្រទេស ដែល​ជា​ម្ចាស់​សំរាម​ទាំងនេះ​វិញ ព្រោះ ​“​ម៉ា​ឡេ​ស៊ី​នឹង​មិនមែន​ជា​កន្លែង​ចាក់សំរាម​របស់​ពិភពលោក​” ទេ ។

នៅ​ខែមេសា​ មុន​នេះ ម៉ា​ឡេ​ស៊ី​ធ្លាប់​បាន​បញ្ជូន​រួច​ហើយ កុងតឺន័រផ្ទុក​សំរាម​ប្លា​ស្ទិ​ក ចំនួន​៥​ទូរ​ ទៅ​ឲ្យ​ប្រទេស​ម្ចាស់​ដើម គឺអេ​ស្ប៉ា​ញ​។ អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​កំពុង​ត្រួតពិនិត្យ​ស៊ើបអង្កេត​លើ​កុងតឺន័រ​សំរាម​ប្លា​ស្ទិ​ក​ចំនួន​៥០​ផ្សេង​ទៀត ដែល​នាំ​ចូល​ទៅ​ម៉ា​ឡេ​ស៊ី ដោយ​ខុសច្បាប់​។ តាម​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​បរិស្ថាន ម៉ា​ឡេ​ស៊ី អះអាងថា ប្រទេស​ចំនួន១៤ដូច​ជា អា​មេ​រិ​ក បារាំង ជប៉ុន កា​ណា​ដា អូស្ត្រាលី ចិន អា​រ៉ា​ប៊ី​សា​អូឌីត និង​អង់គ្លេស​ជាដើម នឹង​ត្រូវ​ទទួលយក​សំរាម​ប្លា​ស្ទិ​ក​របស់​ខ្លួន​វិញ ។

នៅ​មុន​ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​ហ្វី​លី​ពី​ន ដែល​មាន​បញ្ហារងគ្រោះ​​ដូច​គ្នា គឺ​សំរាម​ប្លា​ស្ទិ​ក​នាំ​ចូល​ពី​បរទេស ។ បន្ទាប់​ពី​កា​ណា​ដាយឺតយ៉ាវ មិន​ចង់​ទទួលយក​សំរាម​ប្លា​ស្ទិ​ក​របស់​ខ្លួន​វិញ ប្រធានាធិបតី​ហ្វី​លី​ពី​ន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​បង្គាប់​ឲ្យ​រដ្ឋាភិបាល​របស់​លោក ជួល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឯកជន​មួយ ដើម្បី​ដឹក​សំរាម​៦៩​កុង​តឺ​ណឺ យក​ទៅ​ទុក​ចោល​នៅ​ក្នុង​ដែនទឹក​របស់​កា​ណា​ដា​តែ​ម្តង ប្រសិនបើ​ពួក​គេ​មិន​ព្រម​ទទួលយក ៕