ភ្នំពេញ៖ ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកឲ្យឃើញថា តើកាកសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រ ដែលនាំចូលមកតាមច្រកទ្វារកំពង់ផែអន្តរជាតិព្រះសីហនុនោះ មកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជាធរមាន។


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ឲ្យដឹងជាផ្លូវការថា៖ កុងតឺន័រចំនួន៨៣ទូ ដែលមានផ្ទុកកាកសំណល់សំរាមប្លាស្ទិក នាំចូលពីបរទេស ត្រូវកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបាននៅច្រកទ្វារកំពង់ផែអន្តរជាតិព្រះសីហនុ ហើយក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមស្ថាប័នពាក់ព័ន្ធបានសម្រេចគាស់ទូកុងតឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ ។


ការគាស់ទូកុងទឺន័រនេះ ដឹកនាំដោយលោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក គួច ចំរើន អភិបាលនៃគណៈខេត្តព្រះសីហនុ និងលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តព្រះសីហនុ។
សមត្ថកិច្ចកិច្ចនឹងកំណត់ថាទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជាធរមាន។

ក្រសួងបរិស្ថាននិងសមត្ថកិច្ច ពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀតដើម្បីស្វែងរកប្រភព និងឫសគល់ដែលនាំឱ្យមានការនាំចូលសំណល់សំរាមនេះមកកាន់ប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកឲ្យឃើញថា សមត្ថកិច្ចកិច្ចនឹងកំណត់ថាកាកសំណល់ប្លាស្ទិក៨៣កុងតឺន័រនេះ ចេញមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ ព្រមទាំងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជាធរមាន ។


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសរួចមកហើយថា៖«រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា។ សម្ដេចសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយរដ្ឋាភិបាលជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា៕