ដោយ ឈឹម សេរីភួន៖ លោកបណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ ជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និងជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។
លោកបណ្ឌិត កេង វ៉ាន់សាក់ កើតនៅថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។
ទាក់ទងនឹងប្រវត្តិជីវិតលោក កេង វ៉ាន់សាក់ នេះ អ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន បានឲ្យដឹងថា លោក កេង វ៉ាន់សាក់ គឺជាបុត្រាពៅបន្ទាប់ពីបុត្រីបងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងលក្ខិណា ព្រះអនុជបង្កើតរបស់ព្រះករុណា ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។ នៅថ្ងៃដែលលោក កេង វ៉ាន់សាក់ កើតនោះ ក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុមរាជវង្សក្នុងព្រះរាជវាំង បណ្ដាលឲ្យសមាជិករាជវង្សានុវង្សប្រមាណ៤០អង្គ សោយទិវង្គត ។ ពេលនោះ ហោរារាជវាំងបានព្យាករថា មានទារកចង្រៃកើតចំថ្ងៃនោះ ដែលត្រូវតែយកទៅប្រហារជីវិត ឬបំបរបង់ចោល។

លោក កេង វ៉ាន់សាក់ ពេលឃោសនាបោះឆ្នោតឆ្នាំ១៩៥៥

មាតាឈ្មោះ ហម អ្នកខេត្តពោធិ៍សាត់ ជាប់ខ្សែស្រឡាយជាញាតិវង្សនឹងម្ចាស់ក្សត្រីមល្លីកា ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម ។ លោកមានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោក កេង វ៉ាន់សាក់ ធ្លាប់មានប្រសាសន៍ថា លោក កេង ស៊ីផាន់ នេះ គឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកលោកប៉ុណ្ណោះ ហើយឪពុករូបនេះតែងតាមព្យាបាទនិងធ្វើទុក្ខបុកម្នេញលើរូបលោក តាំងពីកុមារភាពរហូតមក។
ប្រវត្តិជីវិត លោកបណ្ឌិត កេង វ៉ាន់សាក់ បានចូលប្រឡូកក្នុងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយចម្រើនជឿនលឿននិយមរបស់ពួកខ្មែរក្រហមផងដែរ។

លោក កេង វ៉ាន់សាក់ និង មេខ្មែរក្រហមអៀង សារី កាលសិក្សានៅប្រទេសបារាំង


តែទោះបីយ៉ាងណាក្ដី ក៍មេខ្មែរក្រហម នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។
ពេលមានវ័យ៣០ឆ្នាំ ក្នុងខែកញ្ញា ឆ្នាំ១៩៥៥ លោកបណ្ឌិត កេង វ៉ាន់សាក់ ជាអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យ ចាញ់ឆ្នោតគណបក្សសង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចសីហនុ ត្រូវជាប់គុកជាច្រើនខែ ដោយសារការឆ្លើយដាក់របស់បុគ្គលិក ក្នុងក្រសួងចារកម្មម្នាក់ ឈ្មោះ ជ័យ សុផល ថាលោកបានរួមចំណែកក្នុងការរៀបចំផែនការបាញ់សម្លាប់មេដឹកនាំ និងបេក្ខជនរបស់គណបក្សសង្គមរាស្រ្ដនិយម កាលក្នុងយុទ្ធនាការបោះឆ្នោតនោះ។
ពេលមានវ័យ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវគេចាប់ដាក់គុកជាថ្មីម្ដងទៀត នារដូវភ្ជុំបិណ្ឌឆ្នាំ១៩៦៨ ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើបរំជួលច្របូកច្របល់ក្នុងការកែអក្សរសាស្រ្ដជាតិ ពេលដែលលោកធ្វើជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកៈមហាវិទ្យាល័យព្រះសីហនុរាជ។

លោក កេង វ៉ាន់សាក់ និង​ មេខ្មែរក្រហម សុន សេន នៅសាលាគរុកោសល្យក្នុងទសវត្សឆ្នាំ១៩៥០

តាំងពីទសវត្សរ៍ ១៩៤០ មក លោកបាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ ជាច្រើន ដូចជារឿង សាច់មិនបានស៊ីយកឆ្អឹងព្យួរក, អន្ទិតគោលោត, ចិត្តក្រមុំ, គុកកាមកិលេស, ល្បែងល្បោយ, ខ្មែរស្លាប់ខ្មែររស់ និងការនិពន្ធជាភាសាបារាំងវិញ ដូចជា សំណេរ ហ្គ្វលកេ អាស់ស្ពេក ឌឺឡា លីតឈើរែតឈើខ្មែរ រឿងរាមកេរ្តិ៍ ដែលបានបោះពុម្ពនៅកម្ពុជា អត្ថបទនៃនិក្ខេបទ វប្បធម៌ខ្មែរដ៏ល្អនិងកំរកបាន និងកំណាព្យជាភាសាបារាំង ឈ្មោះ ត្រេនឌីដេ ដាន់ផាប់ផូល។

លោក កេង វ៉ាន់សាក់ ពេលឃោសនាបោះឆ្នោតឆ្នាំ១៩៥៥

លោកបណ្ឌិតសាស្រ្តាចារ្យកេង វ៉ាន់សាក់ បានទទួលមរណភាពដោយសារជំងឺទឹកចូលសួតកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៨។ សពលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវបានគេដង្ហែចេញពីទីតម្កល់ទៅកាន់ទីប៉ាឆាមួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៨ ដើម្បីបូជាយកអដ្ឋិធាតុទៅតម្កល់ជាមួយមាតារបស់លោកនៅក្នុងប្រទេសកម្ពុជា ដោយមានព្រះសង្ឃស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូលឧទ្ទិសកុសលបច្ឆាមរណៈផងដែរ៕