ខេត្តត្បូងឃ្មុំ ៖ យុវសិស្សម្នាក់ ខណៈបើកម៉ូតូចេញពីសាលារៀនផុតខ្លោងទ្វារបន្តិច ស្រាប់តែមានរថយន្តរ៉េងរ៉ូវើរ ១គ្រឿងបោះពួយយ៉ាងលឿនមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុករណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧២-១៧៣ ស្ថិតក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ។


សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BG-៧៦៦៨ អ្នកបើកបរមិនស្គាល់ឈ្មោះ បានបើកបរយ៉ាងលឿន ធ្វើដំណើរពីកើតទៅលិច។ មកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១A- ៧២៦៣ បើកបរដោយឈ្មោះប៉ន សំអាត ភេទ ស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាវិទ្យាល័យ ហ៊ុន សែន ពញាក្រែក ស្នាក់នៅភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានលោកគ្រូអ្នកគ្រូដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកពញាក្រែក ដើម្បីសង្គ្រោះជីវិត តែអកុសល ដោយសារសភាពរបួសធ្ងន់ធ្ងរពេក យុវជនរងគ្រោះមិនអាចទ្រាំបាន ក៏ស្លាប់តែម្តង។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងធ្វើកំណត់ហេតុ យកយានយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមនីតិវិធីច្បាប់។ ដោយឡែក សពយុវជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកអាល័យជាពន់ពេក៕