ភ្នំពេញ ៖ ក្រោយធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង បាន១យប់ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១ បានឃាត់ខ្លួនក្រុមជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ នៅព្រឹកនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ។ជនសង្ស័យទាំង៣នាក់នោះ រួមមានឈ្មោះ១-ឈ្មោះ ហេង ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ ជួល លេខ៧អាគារទី២ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា , ២-ឈ្មោះ ជុំ វ៉ាន់ណេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិត ប្រាកដមានទីលំផ្ទះលេខ ៤៧ផ្លូវព្រៃស ភូមិទួលសំបូរសង្កាត់ព្រៃវែង ខណ្ឌដង្កោ និងទី៣ឈ្មោះ លី សំ ណាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួលលេខ៧ អគារលេខ២ ភូមិបុរី កីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។


ចំណែកជនរងគ្រោះ ឈ្មោះ CHUA CHEE CHONG ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិសឹង្ហបុរី មុខរបររលក់ដូរ ទីលំនៅ Condo វិមានកុលាប សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
មុនពេលកើតហេតុ កាលពីវេលាម៉ោង១និង៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ រងគ្រោះបានយកម៉ូតូមកចតនៅចំណុចមុខហាងលក់ស្រាបៀរ ផ្ទះលេខ២៩Eo ផ្លូវ ១៣០កែងភូមិ ១៤សង្កាត់ ផ្សារ កណ្ដាលទី ១ ខណ្ឌដូនពេញ ហើយចូលទៅផឹកស្រាបៀរក្នុងហាងនោះ ។

លុះប្រហែល១ម៉ោងក្រោយមក រងគ្រោះក៏បានចេញមកយកម៉ូតូ ស្រាប់តែបានបាត់តែម្តង ។
ក្រោយពីបាត់ម៉ូតូ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ក៏បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចំណុច ផ្លូវបំបែកចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ។ បន្ទាប់ពីការសាកសួរ បានឈានដល់ការឃាត់ជនសង្ស័យម្នាក់ទៀត ឈ្មោះ ហេង ដារ៉ា នៅម្តុំផ្ទះជួល របស់ជនសង្ស័យនៅបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជនសង្ស័យទាំងបីនាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តទៀត ៕