ខេត្តព្រះសីហនុ៖ គ្រោះអគ្គិភ័យបានលេបត្របាក់ភោជ្ជនីយដ្ឋានយីហោទីក្រុងល្ពៅចិន ដែលសង់ពីថ្មក្រោម ឈើលើទំហំ៨ម៉ែត្រគុណ១០ម៉ែត្រ ជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ ជួលឲ្យជនជាតិចិនម្នាក់ យ៉ាងសន្ធោសន្ធៅ គិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយវិថី០៧ មករា ក្នុងភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ។


មន្ត្រីនគរបាលមូលដ្ឋានសង្កាត់លេខ០៤ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ ឈ្មោះ យស់ គឹមហ៊ន ភេទស្រី អតីតជានាយិកាសាលាបឋមសិក្សាផ្សារលើ បានជួលទៅឲ្យជនជាតិចិនម្នាក់ ប្រកបរបររកស៊ីបើកភោជ្ជនីយដ្ឋានបានរយៈពេលជាងមួយឆ្នាំកន្លងមកហើយ ។


គ្រោះអគ្គិភ័យនេះ បណ្តាលមកពីការប្រើប្រាស់ខ្សែភ្លើងខុសបច្ចេកទេស (ប្រើខ្សែភ្លើងតូចពេក) មិនអាចទប់ទល់ និងទំហំនៃការប្រើប្រាស់បាន ក៏រលាយខ្សែភ្លើង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះតែម្តង ។


ក្នុងពេលកើតហេតុ រថយន្តបង្ការ និងពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តបង្ការ និងពន្លត់អគ្គិភ័យទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងវិស័យឯកជន ជួយអន្តរាគមន៍ចេញមកបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ពេលវេលាអស់ប្រមាណជាងមួយម៉ោង និងប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត មិនឲ្យឆេះឆ្លងរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលនៅក្បែរៗនោះទៀតទេ ។


ដោយឡែក ជាមួយការខូចខាតឆេះភោជ្ជនីយដ្ឋាននេះដែឬ លុយនៅក្នុងទូដែកចំនួន៤០០០០ដុល្លារ និងប៉ាស្ព័រចំនួន៥សន្លឹក ក៍ត្រូវឆេះខ្ទេចផងដែរ ៕